ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបានប្រកាសនៅព្រឹកថ្ងៃទី១០ ខែសីហានេះថា រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦៩នាក់ និងជាសះស្បើយចំនួន ២៦០នាក់ ខណៈស្លាប់ម្នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ។
រដ្ឋបាលខេត្តបានប្រកាសឱ្យដឹងថា អ្នកជំងឺដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៦ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី និងករណីទី៧ ដល់ទី៨ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារ-ឈូក។
ករណីទី៩ ដល់ទី២០ ជាករណីមានប្រភពចម្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តរតនគីរី, ករណីទី២១ ដល់ទី៦៨ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៦៩ ជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ ។
ចំពោះអ្នកជាសះស្បើយទាំង២៦០នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥,៤៧០នាក់ ។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣,២២៥នាក់ ស្លាប់ ៦៣នាក់ និង២,១៨២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក ៕