នេះជារឿងគួរអោយបារម្ភ ខ្លាំងបំផុត នៅពេលការស្រាវជ្រាវមួយរកឃើញថាវ៉ាក់សាំង មិនអាចបញ្ឈប់ ការចម្លងមេរោគដែលតាបានទេ ពីព្រោះគេឃើញថាអ្នកចាក់វ៉ាក់សាំងហើយនៅតែឆ្លងមេរោគបំប្លែង ថ្មីដែលតា។
នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានCNA របស់សិង្ហបីរកាលពីថ្ងៃសុក្រ។
សារព័ត៌មាននេះបានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រនៅឯវិទ្យស្ថាន សុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយនៅថ្ងៃសុក្រទី ៦ ខែសីហាថា មានសញ្ញាដំបូងដែលថាមនុស្សដែលបាន ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ អាចឆ្លងមេរោគដែលតានិងចម្លងយ៉ាងងាយស្រួលដូចអ្នកដែលមិនបានចាក់។
ការរកឃើញនេះ ស៊ីគ្នានឹងការរកឃើញរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) ដែលបានលើកឡើងពីការព្រួយបារម្ភថាអ្នកចាក់វ៉ាក់សាំងហើយនៅតែអាចចម្លងមេរោគដែលតាបាន ដោយខុសពីមេរោគផ្សេងទៀត។
វ៉ាក់សាំងត្រូវបានគេបង្ហាញថាផ្តល់ការការពារល្អប្រឆាំងនឹងជំងឺធ្ងន់ធ្ងរនិងការស្លាប់ពីមេរោគដែលតា ពិសេសសម្រាប់ការចាក់ពីរដូស។
PHE បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ការរកឃើញដំបូងមួយចំនួន បង្ហាញថាកម្រិ តវីរុសចំពោះអ្នកដែលឆ្លងមេរោគដែលនិងដែលបានចាក់វ៉ាក់សាំងរួចហើយអាចមានលក្ខណៈប្រហាក់ប្រហែលនឹងកម្រិតមេរោគដែលរកឃើញនៅក្នុងមនុស្សដែលមិនបានចាក់វ៉ាក់សាំង” ។