Join with Health.com.kh on Telegram

ឧស្សាហ៍ផ្ដាសាយណាស់មែនទេ? នេះក៏ព្រោះតែអ្នកមិនចៀសវាងនូវទម្លាប់ ឬទង្វើមួយចំនួន! ថាតើមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុទូទៅបំផុតដែលធ្វើឱ្យអ្នកឧស្សាហ៍ផ្ដាសាយ ៖

១. ស្ត្រេស ឬតានតឹងក្នុងអារម្មណ៍

ស្ត្រេសបង្កើនការផលិតអ័រម៉ូន cortisol ​ដែលអាចទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាប្រសិនបើមនុស្សម្នាក់ស្ត្រេសរ៉ាំរ៉ៃនោះប្រព័ន្ធភាពស៊ាំរបស់គេនឹងចុះខ្សោយទៅៗ ហើយទទួលរងឥទ្ធិពលមិនល្អពីអ័រម៉ូន cortisol វិញដែលជាលទ្ធផលនៃបញ្ហារលាកកាន់តែធ្ងន់ធ្ងរក្នុងរាងកាយ។ ខណៈនេះរាងកាយ គឺងាយនឹងប្រឈមមុខខ្ពស់ជាមួយហានិភ័យនៃជំងឺផ្ដាសាយណាស់។ ដូច្នេះកុំបន្ទោសតែអាកាសធាតុត្រជាក់ទៀត។ ប្រសិនបើអ្នកឈឺញឹកញាប់ ចូរព្យាយាមគ្រប់គ្រងភាពតានតឹងរបស់ខ្លួនវិញ។

២. កង្វះវីតាមីន C ក្នុងរាងកាយ

ប្រសិនបើអ្នកផ្ដាសាយញឹកញាប់នោះមានន័យថាប្រព័ន្ធភាពស៊ាំរាងកាយកំពុងចុះខ្សោយហើយ។ វីតាមីន C រំញោចការផលិតកោសិកាឈាមសដែលប្រយុទ្ធប្រឆាំងជំងឺឆ្លង។ ប្រសិនបើអ្នកឧស្សាហ៍ផ្ដាសាយ ឬងាយឆ្លងជំងឺ ចូរបង្កើនការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C។

៣. មិនសូវលាងសម្អាតដៃ

ជាពិសេសក្នុងរដូវរងារ និងបរិបទនៃការរីករាលដាលនូវជំងឺកូវីដ ១៩ដូចសព្វថ្ងៃនេះ វត្ថុផ្សេងៗ ឬផ្ទៃនៅទីសាធារណៈភាគច្រើនអាចមានជាប់នូវវីរុសផ្ដាសាយ ព្រមទាំងដំណក់ទឹកមាត់តូចៗរ​បស់បុគ្គលដែលមានផ្ទុកវីរុសកូវីដ១៩។ ដូនេះហើយទើបការលាងដៃឱ្យបានញឹកញាប់ គឺចាំបាច់ណាស់សម្រាប់ទប់ស្កាត់ហានិភ័យនៃការឆ្លងជំងឺនេះ។ អ្នកក៏គួរនាំយកនូវអាកុល ឬជែលលាងដៃតាមខ្លួនផងដែរនៅរាល់ពេលចេញក្រៅ។

៤. ឧស្សាហ៍ប៉ះពាល់មុខ

ថាតើអ្នកធ្លាប់ដឹងទេថាវីរុសផ្ដាសាយអាចឆ្លងចូលក្នុងរាងកាយតាមរយៈច្រមុះ មាត់ និងភ្នែក? វីរុសកូវីដ ១៩ក៏ដូចគ្នាដែរ! នេះហើយជាមូលហេតុដែលអ្នកមិនគួរយកដៃទៅប៉ះផ្ទៃមុខឡើយ។ សូម្បីតែនៅពេលអ្នកបានលាងសម្អាតដៃជាជែលលាងដៃ ទឹកអាល់កុល ឬជាមួយសាប៊ូក៏ដោយ ក៏មិនគួរប៉ះពាល់ផ្ទៃមុខញឹកញាប់ដែរ។

៥. ទៅកន្លែងដែលមានមនុស្សច្រើន

ក្នុងខណៈពេលនៃការរីករាលដាលនូវជំងឺកូវីដ ១៩នេះ ទោះបីមិនទាន់ឈានដល់រដូវរងារក៏ដោយ ក៏អ្នកចាំបាច់គួរនៅផ្ទះឱ្យបានច្រើនជាងចេញក្រៅ។ ការធ្វើបែបនេះអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។ ដឹងទេអ្នកអាចឆ្លងផ្ដាសាយ ឬកូវីដ១៩បានយ៉ាងងាយពីក្នុងផ្សារទំនើប រោងកុន ហាងកាហ្វេ ហាងអាហារ ឬភោជនីយដ្ឋាន ប្រសិនបើអ្នកជំងឺផ្ដាសាយ ឬអ្នកជំងឺកូវីដបានក្អក ឬកណ្ដាស់ដែលបណ្ដាលឱ្យខ្ទាតចេញនូវដំណក់ទឹកមាត់តូចៗមានផ្ទុកវីរុស។

៦. ចែករំលែកឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួន

ទោះបីនៅតែផ្ទះមិនបានចេញក្រៅក៏មិនមែនមានន័យថាអ្នកលែងឆ្លងជំងឺផ្ដាសាយដែរ ជាពិសេសប្រសិនបើអ្នកមិនមែនរស់នៅតែម្នាក់ឯងក្នុងផ្ទះ។ ប្រសិនបើសមាជិកក្នុងគ្រួសារណាម្នាក់មានជំងឹផ្ដាសាយនោះការប្រើប្រាស់របស់របរដូចជាកែវទឹក, ស្លាបព្រា និងកន្សែងជាដើមរួមគ្នាជាមួយអ្នកជំងឺប្រាកដជាបង្កើនហានិភ័យនៃការឆ្លងមិនខាន។

៧. របបអាហារគ្មានសុខភាពល្អ

មួយក្នុងចំណោមមូលហេតុចម្បងៗផ្សេងទៀតដែលនាំឱ្យអ្នកងាយឆ្លងជំងឹផ្ដាសាយនោះ គឺប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសាររបបអាហារគ្មានសុខភាពល្អ។ វាសំខាន់ណាស់ក្នុងការរក្សាឱ្យបាននូវរបបអាហារដែលមានតុល្យភាព ជាពិសេសមានផ្ទុកវីតាមីន C ច្រើនគ្រប់គ្រាន់។

៨. ការជក់បារី

មិនត្រឹមតែហានិភ័យនៃជំងឺផ្ដាសាយប៉ុណ្ណោះទេ ប៉ុន្តែការជក់បារីអាចបង្កើនហានិភ័យនៃជំងឺផ្សេងទៀតជាច្រើនផងដែរ! វាបង្កការបំផ្លាញដល់សុខភាពសួត ព្រមទាំងធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយថែមទៀត។ ទោះបីអ្នកមិនមែនជាអ្នកជក់បារីផ្ទាល់ ប៉ុន្តែការហិតផ្សែងបារីពីអ្នកដទៃក៏អាចបង្កគ្រោះថ្នាក់ដូចគ្នា៕