ខេត្តព្រះសីហនុ ៖ អភិបាលក្រុងកោះរ៉ុងបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបមានចំនួន ២៤នាក់ ក្នុងនោះមានស្រី១៣នាក់ បានរៀបចំបញ្ជូនមកកន្លែងសម្រាកព្យាបាលនៅក្រុងព្រះសីហនុ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយមុននេះបន្តិច ។
លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអោយដឹងថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ ក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានយកសំណាកប្រជាពលរដ្ឋ រស់នៅភូមិកោះតូច ភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម(ចំនុច២៣) នៃសង្កាត់កោះរ៉ុងសន្លឹម សរុបចំនួន ៦២២នាក់ ស្រី២៥៣នាក់ ។
ជាលទ្ធផល ក្រោយការធ្វើតេស្តសំណាកបានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ រស់នៅក្នុងភូមិកោះតូច និងភូមិដើមថ្កូវចំនួន ១៦នាក់ ស្រី១០នាក់ ។
លោកអភិបាលក្រុងកោះរ៉ុងបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបមានចំនួន ២៤នាក់ ស្រី១៣នាក់ និងបានរៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលនៅក្រុងព្រះសីហនុរួចរាល់ហើយ ។
លោកបានបន្ថែមថា យោងតាមភាពជាក់ស្តែង រដ្ឋបាលក្រុងកោះរ៉ុង នឹងបន្តបិទការចេញចូលភូមិកោះតូចរយៈពេល១៤ថ្ងៃបន្ថែមទៀត ចំណែកប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម (ចំនុច២៣) ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន អោយគ្រប់ចំនួនថ្ងៃតាមការកំណត់នៃវិធានការសុខាភិបាល ។
ជាមួយគ្នានេះ រដ្ឋបាលក្រុង ក៏សូមអំពាវនាវដល់ម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរទាំងអស់ សូមបន្តផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ:ទៀតសិន រហូតដល់មានការជូនដំណឹងជាថ្មី ដោយឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា ៕