ជំងឺដែលអាចជះឥទ្ធិពលទៅជើងរបស់អ្នក អាចទាក់ទងទៅនឹងបញ្ហាបេះដូង (heart trouble)។នេះបើយោងទៅតាមការស្រាវជ្រាវមួយបានលើកឡើងថ្មីៗនេះ ។
សេចក្តីរាយការណ៍មួយមកពីមូលនិធិ Vascular Disease Foundation និងសម្ព័ន្ឋ PAD Coalition បានអោយដឹងថា ជនជាតិអាមេរិកប្រហែលជា ៩ លាននាក់ ដែលមានអាយុចាស់ជាង ៥០ ឆ្នាំ កំពុងមានផ្ទុកជំងឺសរសៃឈាមផ្នែកខាងចុង( peripheral arterial disease ឬPAD), ដែលធ្វើអោយពួកគេទាំងនោះបង្កើនការប្រឈមមុខទៅនឹងជំងឺគាំងបេះដូង (heart attack) ។ ប៉ុន្តែ ប្រជាជនជាច្រើនមិនបានដឹងថា ពួកគេកំពុងតែស្ថិតក្នុងស្ថានភាពបែបនេះនោះទេ ។ ជំងឺ PAD កើតឡើងនៅពេលដែលសរសៃឈាមអារទែរ (arteries) ដែលនៅក្នុងជើងចាប់ផ្តើមរួមតូច ចង្អៀត ឬក៏ស្ទះ (clogged) ដោយសារតែជាតិខ្លាញ់ (fatty deposits) ។
ការកាត់បន្ថយលំហូរ ឬ ការដឹកនាំឈាម (blood flow) ទៅចិញ្ចឹមជើងអាចបណ្តាលអោយមានការឈឺចាប់ទៅលើសាច់ដុំនៅពេលដើរ (pain when walking), មិនអាចជ្វើចលនាបាន ឬ ពិការ (disability), ការកាត់ជើងចោល (amputation) និងធ្វើអោយជីវិតរបស់ពួកគេបាត់បង់នូវភាពស្រស់ស្រាយ សប្បាយចិត្ត ។ ប្រសិនបើជាសរសៃឈាមក្រហមទាំងនោះត្រូវបានរាំងស្ទះនៅតំបន់ជើង, នោះវាហាក់ដូចជាស្ទះសរសៃឈាមដទៃទៀតនៅក្នុងខ្លួនរបស់អ្នកផងដែរ ។ រោគសញ្ញានៃជំងឺស្ទះសរសៃឈាមផ្នែកខាងចុង( PAD) រួមមាន ៖
-ហេវហត់
-ធ្ងន់ៗជើង
-អស់កម្លាំង
-ឈឺចាប់នៅភ្នែកគោ, ភ្លៅ ឬ សាច់ដុំគូទ ដែលកើតឡើងអំឡុងពេលអ្នកធ្វើចលនា ឬ សកម្មភាពផ្សេងៗ, ប៉ុន្តការឈឺចាប់នឹងបាត់ទៅវិញនៅពេលដែលអ្នកឈប់សំរាក ឬ ផ្អាកសកម្មភាពទាំងនោះ
-ឈឺនៅជើងផ្ទាល់ ឬ មេជើងនៅពេលអ្នកសំរាក, ដែលជាទូទៅ ធ្វើអោយអ្នកជំងឺមិនអាចគេងលក់បាន
-ស្បែកឡើងមានដំបៅ, រលួយតំបន់ជើង ឬ ម្រាមជើងហើយក្រជាសះស្បើយ។
វេជ្ជបណ្ឌិត Joseph Caporusso, ប្រធាន PAD Coalition បាននិយាយថា ៖ “ជារឿយៗ, អ្នកជំងឺតែងមានអារម្មណ៍មិនសូវសុខស្រួលនៅនឹងជើងរបស់ពួកគាត់ ឬ មានដំបៅដែលមិនងាយនឹងជាសះស្បើយៗ, ដែលនេះគឺគ្រាន់តែជាមូលហេតុមួយនៃភាពចាស់ជរា របស់ពួកគាត់ប៉ុននោះ, ប៉ុន្តែ វាក៏អាចជាសញ្ញានៃភាពធ្ងន់ធ្ងរនៃជំងឺផងដែរ ។
លោក Caporusso បានបន្ថែមថា ៖ “ការរកឃើញជំងឺនេះ និង បានទទួលការព្យាបាលត្រឹមត្រូវភ្លាមៗ និង ទាន់ពេលវាលា, យើងអាចកាត់បន្ថយនូវបញ្ហា ឬ ផលវិបាកនានាដែលអាចបណ្តាលមកពីជំងឺ PADព្រមទាំងអាចពង្រឹងនូវសុខភាពបេះដូងរបស់ប្រជាជនទាំងអស់។
ប្រជាជនដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅកំពុងតែប្រឈមមុខជំងឺ PAD ហើយរិតតែធ្ងន់ធ្ងរជាងនេះទៅទៀត សំរាប់អ្នកដែលមាន ៖
-ការជក់បារី
-ជំងឺទឹកនោមផ្អែម
-ជំងឺលើសឈាម
-កំរិតកូឡេស្តេរ៉ូលខ្ពស់
-ឬ អ្នកដែលមានប្រវត្តិជំងឺសរសៃឈាមបេះដូង ឬ ដាច់សរសៃឈាមខួរក្បាល។
អ្នកដែលគួរតែធ្វើតេស្ត ដើម្បីរកជំងឺ PAD រួមមាន
-អ្នកដែលមានអាយុ ៧០ ឆ្នាំ ឬ ចាស់ជាងនេះ
-យុវវ័យដែលមានរោគសញ្ញានៃជំងឺ PAD
-អ្នកមានអាយុក្មេងជាង ៥០ ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម
-អ្នកមានអាយុ ៥០ ឆ្នាំ ដែលមានប្រវត្តិនៃការជក់បារី ។
ការធ្វើតេស្តដើម្បីរក PAD, អ្នកជំនាញផ្នែកសុខភាពនឹងធ្វើការប្រៀបធៀបសម្ពាធឈាម (blood pressure) នៅកជើង (ankles) ជាមួយនឹងសម្ពាធឈាមនៅនឹងដៃ (arms) ។