ដើម្បីកក់សក់ និងសម្អាតរាងកាយកូន អ្នកត្រូវប្រើសាប៊ូ ដូច្នេះ អ្នកត្រូវមានការប្រុងប្រយ័ត្ន និងឆ្លាតវៃ ក្នុងការជ្រើសរើស ប្រភេទសាប៊ូ ដែលសាកសម សម្រាប់កូនរបស់អ្នក។ សាប៊ូកូនក្មេង ខុសពីសាប៊ូមនុស្សចាស់ ពីព្រោះ វាខ្សោយ និងមិនងាយប៉ះពាល់ ដល់ស្បែក ឬសុខភាពទូទៅ របស់កូនក្មេងឡើយ ជាពិសេស ពេលវាចូលក្នុងភ្នែក ឬមាត់។
ខាងក្រោមនេះ គឺជាអ្វីដែលអ្នក ត្រូវគិតពិចារណា មុនពេលទិញសាប៊ូ ឲ្យកូនរបស់អ្នក ៖
ស្បែកកូនក្មេង ងាយនឹងប្រតិកម្ម ឬអាលែកស៊ីណាស់
ពេលនិយាយអំពី សាប៊ូកូនក្មេង គ្រឿងផ្សំកាន់តែតិច គឺកាន់តែល្អ។ ក្រុមហ៊ុនមួយចំនួន ដើម្បីចង់ចំណេញ អាចនឹងប្រើសារធាតុគីមីច្រើន នៅក្នុងសាប៊ូ ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្ន និងជ្រើសរើសសាប៊ូ ដែលមានគុណភាព និងស្លាកសញ្ញាត្រឹមត្រូវ។
សួរយោបល់ ពីឪពុកម្តាយដ៏ទៃ
មធ្យោបាយដ៏ល្អ ដើម្បីបានផលិតផល គួរជាទីពេញចិត្តនោះ គឺការសាកសួរយោបល់ ឬបទពិសោធន៍ របស់អ្នកជិតខាង មិត្តភក្តិ បងប្អូន ឬតាមបណ្តាញសង្គម ពីព្រោះ ពួកគេអាចនឹងឆ្លងកាត់ រឿងរ៉ាវទាំងនេះមុនអ្នក។ ប៉ុន្តែ អ្នកក៏ត្រូវចងចាំផងដែរថា កុមារទាំងអស់ មិនដូចគ្នានោះទេ សាប៊ូដែលក្មេងដ៏ទៃប្រើ ប្រហែលជាមិនល្អ ចំពោះកូនអ្នកឡើយ។
ជ្រើសរើសសាប៊ូកក់សក់ និងដុសខ្លួន ក្នុងដបតែមួយ
ផលិតផលទាំងនេះ អាចកាត់បន្ថយ ចំនួនគ្រឿងផ្សំ និងងាយស្រួលលាងសម្អាតកូន ដោយចំណាយពេលតែម្តងប៉ុណ្ណោះ។
បច្ចេកទេស លាងសម្អាតកូន
ទោះបីជាសាប៊ូល្អ ឬមិនប៉ះពាល់សុខភាពក្តី ប៉ុន្តែ អ្នកក៏ត្រូវដឹង អំពីវិធីសាស្រ្ត ឬបច្ចេកទេសកក់សក់ និងដុសខ្លួនកូនរបស់អ្នកដែរ ដើម្បីកុំឲ្យសាប៊ូទាំងនោះ ហៀរចូលច្រមុះ មាត់ ឬភ្នែកបាន។ យកល្អ អ្នកគួរមើលវីដេអូ តាមយូធូប ដើម្បីដឹងកាន់តែច្បាស់។ ពេលកក់សក់ អ្នកត្រូវម៉ាស្សាថ្នមៗ ទៅលើស្បែកក្បាលកូន ហើយលាងជម្រះ ដោយទឹកស្អាត ឲ្យបានជ្រះល្អ ដើម្បីការពារ ស្បែកក្បាលកូនរបស់អ្នក។
គួរកក់សក់ ញឹកញាប់ប៉ុណ្ណាទៅ?
ពួកបស្ចឹមប្រទេស កក់សក់ឲ្យកូន ត្រឹមតែម្តងប៉ុណ្ណោះ ក្នុងមួយអាទិត្យ នេះអាចដោយសារតែ អាកាសធាតុត្រជាក់ និងមិនសូវមានធូលីដី ប៉ុន្តែ សម្រាប់ប្រទេសកម្ពុជាយើងវិញ យ៉ាងហោចណាស់ អ្នកត្រូវកក់សក់ឲ្យកូន រាល់ពីរថ្ងៃម្តងដែរ បើមិនអញ្ចឹងទេ ក្បាលរបស់កូនអ្នក នឹងមានបញ្ហា ឬធំក្លិនស្អុយជាមិនខានឡើយ៕