ជំងឺស្រែង ច្រើនកើតនៅត្រង់កន្លែងគន្លាក់ ដែលស្បែកផ្អឹបចូលគ្នា ហើយងាយនឹងសើម ដូចជា នៅចង្វែកគូថ ក្រលៀន ក្លៀក ឬក្បែរប្រដាប់ភេទ។ ចំពោះមនុស្សស្រីវិញ គេឃើញកើតមាន នៅខាងក្រោមសុដន់ផងដែរ។
ធ្វើម៉េចទើបដឹងថា វាជាជំងឺស្រែង?
អេះ ឆ្ងាញ់ជាង ញ៉ាំបាយទៅទៀត រហូតពេលខ្លះ គេមិនចង់ព្យាបាលនោះទេ។ ស្រែង ធ្វើឲ្យអ្នករមាស់ ហើយឡើងកន្ទួលរាបៗ នៅលើស្បែក ហើយបើទុកយូរ ដោយមិនបានព្យាបាល វានឹងឡើងក្តាំង ក្រហម ឈឹផ្សារក្រហាយ ហើយរាលដាលបន្តទៀត។ យ៉ាងណាមិញ បើអ្នកចេះតែអេះ ដោយមិនបានគិត វាអាចក្លាយ ឬឆ្លងមេរោគ តាមរយៈក្រចកដៃថែមទៀតផង។
មូលហេតុអ្វី ទើបចេះតែកើតស្រែង ញឹកញាប់ម្លេះ?
– ឧស្សាហ៍ស្លៀកខោសើម ពិសេស ខោក្នុង
– ក្នុងបន្ទប់ ឬកន្លែងរស់នៅ មិនសូវមានខ្យល់ចេញចូលបាន
– ងូតទឹកមិនស្អាត ឬប៉ះពាល់ទឹកមិនស្អាត។
ស្រែង មិនឆ្លងតាមរយៈការ ដើរជិតគ្នា ឬមើលមុខគ្នា ដូចពាក្យចចាមអារ៉ាមនោះទេ។ ប៉ុន្តែ វាអាចឆ្លងតាមរយៈ ការប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺ។
វិធីព្យាបាល ជំងឺស្រែង ដ៏មានប្រសិទ្ធភាពបំផុត
១. ថែរក្សាអនាម័យខ្លួនប្រាណ
២. ងូតទឹកឲ្យបានញឹកញាប់ ជាមួយនឹងសាប៊ូ ប៉ុន្តែ ត្រូវជូតខ្លួនឲ្យស្ងួតល្អ មុននឹងស្លៀកពាក់
៣. មិនត្រូវស្លៀកខោអាវសើមឡើយ ជាពិសេស ខោក្នុង និងអាវក្នុង
៤. ពេលបែកញើសខ្លាំង ត្រូវប្តូរខោអាវចេញ
៥. ត្រូវប្រយ័ត្ន និងហាមប៉ះពាល់ ជាមួយអ្នកដែលកើតជំងឺនេះ
៦. ចៀសវាងការប៉ះពាល់ នឹងសម្ភារៈប្រើប្រាស់ របស់អ្នកកើតជំងឺនេះឡើយ។
តាមក្បួនវេជ្ជសាស្រ្ត អ្នកមិនត្រូវព្យាបាល ជំងឺស្រែងដោយខ្លួនឯងឡើយ ហើយទោះបីជាស្ថិត ក្នុងកម្រិតស្រាលយ៉ាងណាក្តី អ្នកគួរប្រឹក្សា ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាល ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន៕