អង្គការសុខភាពពិភពលោក បានណែនាំម្តងហើយម្តងទៀតថា ស្រ្តីជាម្តាយគ្រប់រូប គួរតែបំបៅកូនដោយទឹកដោះ យ៉ាងតិចឲ្យបាន ៦ ខែដំបូង ហើយបន្តបំបៅទៀត រួមជាមួយនឹងអាហាររឹងបន្ថែម រហូតដល់កូនអាយុ ២ ឆ្នាំ។

ការបំបៅដោះកូន ពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់ម្តាយ និងទារក ដូចជា ការពារជំងឺ និងការឆ្លងមេរោគផ្សេងៗ ជួយឲ្យប្រព័ន្ធការពាររាងកាយទារករឹងមាំ និងជួយការពារម្តាយ ពីជំងឺនានា ពិសេស ជំងឺមហារីកដោះ។

សារៈប្រយោជន៍ ចំពោះម្តាយ
ទំនាក់ទំនង រវាងម្តាយ និងកូន អំឡុងពេល បំបៅកូនដោយទឹកដោះ ពិតជាមានសារៈសំខាន់ និងគុណប្រយោជន៍ជាច្រើន។ ការបំបៅដោះកូន ជួយឲ្យការបញ្ចេញទឹកដោះ មានដំណើរការរលូន ហើយថែមទាំងអាចការពារម្តាយ ពីជំងឺរលាកក្រពះថែមទៀតផង។

ការបំបៅដោះកូន អាចកាត់បន្ថយការហូរឈាម និងការរលាកនានា ក្រោយពេលសម្រាលកូន។ ការបំបៅដោះកូន អាចជួយថែរក្សារាងកាយ និងសុខភាពម្តាយ ឲ្យមាំមួន និងចៀសផុតពីជំងឺនានា ដូចជា ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកដោះ ជំងឺបេះដូង ជំងឺសរសៃឈាម ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។
ការបំបៅកូនដោយទឹកដោះ ក៏អាចធ្វើឲ្យម្តាយ សប្បាយរីករាយ គ្មានស្រ្តេស និងស្រឡាញ់កូនខ្លាំងបំផុត។

សារៈប្រយោជន៍ ចំពោះកូន
ទឹកដោះម្តាយ មានសារធាតុចិញ្ចឹម និងវីតាមីនដ៏ល្អបំផុត ដើម្បីការលូតលាស់ និងការវិវត្តរបស់ទារក។ ទារក ដែលបៅដោះម្តាយ មិនសូវមានជំងឺ រឹងមាំ និងឆ្លាតវៃ ជាងទារកដែលបៅទឹកដោះគោ។ យ៉ាងណាមិញ ទារកដែលបៅដោះម្តាយ មិនងាយឈឺនោះទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង