ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ បង្កឡើងដោយមូសខ្លាញីខាំចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ខាងក្រោមនេះជារោគសញ្ញានៃជំងឺគ្រុនឈាម ដែលយើងចាំបាច់ត្រូវដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកម្តាយដែលមានកូនតូចៗ គួរដឹង និងបង្កើនការយកចិត្តដាក់។ រោគសញ្ញាទាំងនោះរួមមាន៖
.ក្តៅខ្លួនខ្លាំង លើស៣៨ អង្សារសេ
.ឈឺក្បាល
.ឈឺសន្លាក់ដៃ ជើង និងសាច់ដុំ
.ស្នាមអុចក្រហមលើស្បែក
.អាចមានជាអាការៈចុកនៅក្នុងពោះ ក្អួតចង្អោរ។
ខាងលើនេះ គ្រាន់តែជារោគសញ្ញាដំបូងនៃជំងឺគ្រុនឈាមប៉ុណ្ណោះ ដែលជាទូទៅរយៈពេលពីបីទៅបួនថ្ងៃបន្ទាប់ អ្នកជំងឺអាចស្តែងចេញរោគសញ្ញាផ្សេងៗដូចជា ហូរឈាមនៅក្នុងភ្នែក ហូរឈាមតាមច្រមុះ ស្នាមជាំនៅលើស្បែក។
ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តទៅរកសភាពធ្ងន់ធ្ងរ បណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា មានប្រព័ន្ធរំលាយ អាហារ ស្បែក និងក្នុងខួរក្បាល ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត៕