Join with Health.com.kh on Telegram

បច្ចុប្បន្ននេះ ជំងឺទឹកនោមផ្អែម កំពុងរីករាលដាល និងកើនឡើងជាបន្តបន្ទាប់ ហើយក៏គ្មានថ្នាំណា អាចព្យាបាលវា ឲ្យជាសះស្បើយ ១០០ ភាគរយដែរ។ ជំងឺទឹកនោមផ្អែម កើតឡើងនៅពេលដែល រាងកាយរបស់យើង មិនអាចផលិត ឬប្រើប្រាស់អាំងស៊ុយលីន បានត្រឹមត្រូវ។

អាំងស៊ុយលីន ជាអ័រម៉ូនដ៏សំខាន់ ដែលត្រូវបានបញ្ចេញដោយលំពែង។ អាំងស៊ុយលីន មាននាទីដឹកនាំគ្លុយកូស ពីក្នុងឈាម ទៅកាន់កោសិការាងកាយ។

នៅពេលដែលជាតិគ្លុយកូស ចាល់នៅក្នុងចរន្តឈាម ជាតិស្ករនឹងកើនឡើង ដែលជាហេតុធ្វើអ្នក ឡើងជាតិស្ករ (hyperglycemia)។ ពេលឡើងជាតិស្ករ អ្នកជំងឺមួយចំនួន តែងលេចចេញជា រោគសញ្ញាមួយចំនួន។

រោគសញ្ញាចម្បង ដែលកើតមានជាញឹកញាប់ ៖
• ស្រេកទឹកខ្លាំង
• នោមញឹក
• ស្រកទម្ងន់
• ឃ្លានជាងមុន
• ព្រឹលភ្នែក
• អស់កម្លាំង
• ឈឺក្បាល។

រោគសញ្ញាផ្សេងៗទៀត ៖
• ឆាប់ខឹង
• ស្ពឹកដៃ ស្ពឹកជើង
• ឧស្សាហ៍ឆ្លងមេរោគ ជាពិសេស ប្លោកនោម និងអញ្ចាញធ្មេញ
• របួសមិនងាយជា
• ឧស្សាហ៍អស់កម្លាំង
• ស្បែកស្ងួត។

ពេលលើសជាតិស្ករខ្លាំង អ្នកជំងឺអាច ៖
• ដកដង្ហើមមានក្លិនដូចផ្លែឈើ
• ចង្អោរ
• ក្អួត
• រវើរវាយ ភ័ណ្ឌច្រឡំ និងរំជួលចិត្ត
• ឈឺក្នុងពោះ
• ខ្សោយ
• សន្លប់៕