នៅ​ប្រទេស​កម្ពុជា​យើង​មាន​ប្រជាជន​មិន​តិច​ឡើយ​ដែល​ឆ្លងកាត់​ជីវិត​ជាមួយនឹង​ជំងឺ​សន្លាក់​ដែល​ធ្វើ​អោយ​មានការ​ឈឺ​ចុក​ចាក់​។​ទោះបីជា​វា​មិន​អាច​ឆក់​យក​ជីវិត​យើង​ភ្លាម​ៗ​ក្តី វា​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​អោយ​ខាតបង់​ការងារ​និង​នាំ​អោយ​មាន​ពិការ​ភាព​។​នៅ​ក្នុង​ង​ត្ថ​បទ​នេះ អ្នក​នឹង​បាន​យល់​ដឹង​ជា​មួល​ដ្ឋា​ន​អំពី​ជំងឺ​សន្លាក់​និង​វិធានការ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បាន​។
តើ​អ្វី​ទៅ​ជា​ជំងឺ​រលាក​សន្លាក់?

ពាក្យ “​ជម្ងឺ​រលាក​សន្លាក់ (arthritis) ” មាន​ន័យ​ថា “​ការ​រលាក​ទៅ​លើ​សន្លាក់​ណាមួយ​” ។ ការ​រលាក​(inflammation) គឺជា លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស ដែល​បញ្ជាក់​ពី​ការ​មាន​ជំងឺ​, រង​របួស រួម​បញ្ចូល​ទាំង​ការ​ហើម​, តឹង​, ឈឺចាប់ ។ ការ​រលាក​ដែល​មាន​រយៈពេល​យូរ ឬ ឧស្សាហ៍​កើតឡើង​វិញ​ដដែល ដូច​ជា​ជំងឺ​រលាក សន្លាក់ អាច​បណ្តាល​អោយ​ងាប់​ជាលិកា ។

សន្លាក់ គឺជា​កន្លែង​ដែល​ក្បាល​ឆ្អឹង​ពីរ ឬ​ច្រើន​នៅ​ប្រឈម​មុខ​គ្នា ភាគច្រើន​ដើម្បី​ឲ្យ​ឆ្អឹង​កម្រើក​បាន ដូច​ជា​នៅ​ត្រកៀក ឬ ជង្គង់​ជាដើម ។ ឆ្អឹង​នៃ​សន្លាក់ គ្របដណ្តប់​ដោយសារ​ធាតុ​ម្យ៉ាង​ដែល​ទន់ ហើយ​ស្ពោត ហៅ​ថា​ឆ្អឹងខ្ចី – ដែល​ទ្រ និង អនុញ្ញាត​អោយ​សន្លាក់​ធ្វើ​ចលនា​បាន​ដោយ​គ្មាន​ការ ឈឺចាប់ ។ សន្លាក់​ត្រូវ​បាន​ខ័​ណ្ឌ​ដោយ​ស្រទាប់​ស្តើង​នៃ​ជាលិកា ហៅ​ថា​ស៊ី​ណូ​វ្យូ​ម (synovium) ខ្សែរ​ខ័​ណ្ឌ​ស៊ី​ណូ​វ្យូ​ម​នេះ​ផលិត​ទឹក​ស៊ី​ណូ​វ្យា​ល់ (synovial fluid) សំរាប់​ចិញ្ចឹម​សន្លាក់ និង ជួយ​កាត់ បន្ថយ​ភាព​សឹក​រិច​រិល​នៃ​សន្លាក់ ។ បន្ទះ​ជាលិកា​រឹង​មាំ ហៅ​ថា​សរសៃ​ចង (ligaments) សំរាប់ ត​ភ្ជាប់​ឆ្អឹង និង ជួយ​អោយ​សន្លាក់​នៅ​នឹង​ល្អ ។ សាច់ដុំ និង សរសៃពួរ​ជួយ​ទ្រទ្រង់​សន្លាក់ និង ធ្វើ​អោយ​យើង​អាច​កំរើក និង មាន​ចលនា​បាន​។

ជំងឺ​រលាក​សន្លាក់​ធ្វើ​អោយ​តំបន់​ដែល​នៅ​ក្នុង ឬ ជុំវិញ​សន្លាក់​ក្លាយជា​រលាក​, ធ្វើ​អោយ​ឈឺចាប់​, ឡើង​រឹង ហើយ​ពេល​ខ្លះ​ពិបាកធ្វើ​ចលនា​ទៀត​ផង ។ ជំងឺ​រលាក​សន្លាក់​ប្រភេទ​ខ្លះ​អាច​ធ្វើ​អោយ មាន​បញ្ហា​ដល់​ស្បែក និង សរីរាង្គ​ខាងក្នុង ។
ប្រភេទ​ជំងឺ​រលាក​សន្លាក់

ជា​ទូទៅ ជំងឺ​រលាក​សន្លាក់​មាន​ជាង​១០០​ប្រភេទ តែ​ប្រភេទ​ជំងឺ​រលាក​សន្លាក់​ដែល​និយម កើត​មាន​ឡើង​ជាងគេ រួ​មាន ៖
• ជម្ងឺ​រលាក​សន្លាក់ឆ្អឹង (Osteoarthritis) ៖ វា​ជា​ជំងឺ​ដែល​ឧស្សាហ៍​កើតឡើង​បំផុត ។​វា​កើត មាននៅ​ពេល​ឆ្អឹងខ្ចី​ដែល​ដុះ​គ្រប​លើ​ផ្នែក​ចុង​នៃ​ឆ្អឹង​ចាប់ផ្តើម​សិ​ក​រិច​រិល​បន្តិច​ម្តង​ៗ ។ គ្មាន ការ​ការពារ​ពី​ឆ្អឹងខ្ចី​នេះ ឆ្អឹង​ក៏​ចាប់ផ្តើម​កកិត​គ្នា ដែល​នាំ​អោយ​ហើម និង ឈឺចាប់ ។ ជំងឺ​នេះ អាច​កើត​មាន​ឡើង​នៅ​លើ​សន្លាក់​ណាមួយ​, ប៉ុន្តែ​ញឹកញាប់​បំផុត​នោះ គឺ​នៅ​លើ​ដៃ ជង្គង់ ត្រកៀក និង សន្លាក់​តូច​ៗ (​ទ្រនុងខ្នង​) ។ ជំងឺ​រលាក​សន្លាក់ឆ្អឹង ជា​ញឹកញាប់​កើត​មាននៅ ពេល​ដែល​ឆ្អឹងខ្ចី​ខូច ឬ ចុះ​អន់​ថយ​ដោយសារ​តែ​អាយុកាល ឬ ការ​ប្រើប្រាស់​ខ្លាំង​ពេក ។ ហេតុនេះ​ហើយ​បានជា​ពេល​ខ្លះ​គេ​ហៅ​ជំងឺ​នេះ​ថា​ជា ជំងឺ​សន្លាក់​ចុះ​អន់​ខ្សោយ ។

• ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ (Rheumatoid arthritis) ៖ ជា​ជំងឺ​កើតឡើង​យូរយារ ដែល​អាច​ជះ ឥទ្ធិពល​អាក្រក់​ដល់​សន្លាក់​នៅ​ផ្នែក​ណាមួយ​នៃ​តួខ្លួន លើកលែងតែ​ផ្នែក​ខ្នង​ខាងក្រោម ដែល​ជា​ទូទៅ​ទាក់ទង​ទៅ​នឹង​ដៃ​, ចង្កេះ និង ជង្គង់ ។ អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន (​អង្គ​ការពារ​នឹង​ជំងឺ​) ច្រឡំ​វាយប្រហារ​ខ្លួនឯង ធ្វើ​អោយ​សន្លាក់​នោះ ហើម ។ បន្ទាប់​មក ការ​រលាក​ក៏​បាន​រីក​រាលដាល​ទៅ​កាន់​ជាលិកា​ដែល​នៅ​ជុំវិញ​នោះ រួច​ក៏ បំផ្លាញ​រួម​ទាំង​ឆ្អឹងខ្ចី និង ឆ្អឹង​ផង​ដែរ ។ ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន​, ជំងឺ​នេះ​អាច​ជះ​ឥទ្ធិពល ទៅ​លើ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​ដងខ្លួន ដូច​ជា​ស្បែក​, ភ្នែក​, សួត និង សរសៃប្រសាទ ។
• រោគ​ប្រគ្រីវ (Gout) ៖ ជា​ការ​ឈឺចាប់ កើត​មាន​ឡើង​នៅ​ពេល​ដែល​ខ្លួន​មនុស្ស​យើង​មិន អាច​បញ្ចេញ​ចោល​នូវ​អាស៊ីត​អ៊ុយ​រិច​បាន (uric acid) ។ សំនល់​នៃ​អាស៊ីត​អ៊ុយ​រិច​នេះ​មាន ទំរង់​ដូច​ជា​ម្ជុល​គ្រាប់​គ្រី​ស្តា​ល់​ចាក់​ដោត​នៅ​ក្នុង​សន្លាក់​ដែល​ជា​ហេតុ​ធ្វើ​អោយ​ហើម និង ឈឺ ។ Gout និយម​កើត​នៅ​លើ​ម្រាម​មេជើង​, ជង្គង់ និង សន្លាក់​ចង្កេះ ។
រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​មាន​អ្វីខ្លះ?

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ខុស​គ្នា​ពី​ប្រភេទ​មួយ​ទៅ​ប្រភេទ​មួយ និង​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់​ទៀត ។ ប៉ុន្តែ ជា​ទូទៅ ជំងឺ​រលាក​សន្លាក់ឆ្អឹង​មិនមែន​បណ្តាល​មក​ពី​អ្វី​ផ្សេង​ក្រៅ​តែ​ពី សន្លាក់​នោះ​ទេ ។ អាការៈរោគ​នៃ​ជំងឺ​រលាក​សន្លាក់​អាច​មាន​ដូច​ជា​គ្រុនក្តៅ​, អស់កំលាំង​, ឡើង ក​ន្ដួ​ល​ច្រើន និង សញ្ញា​នៃ​ការ​រលាក​សន្លាក់​រួម​មាន ៖
• ឈឺចាប់
• ឡើង​ប៉ោង​, ហើម
• តឹង ហើយ​រឹង
• ងាយ​នឹង​ឈឺចាប់ (​ពេល​ប៉ះ​)
• ឡើង​ក្រហម
• ក្តៅ ក្រហាយ … ។

មាន​ប្រភេទ​ជំងឺ​រលាក​សន្លាក់​ជា​ច្រើន ដែល​មិន​ស្តែង​អោយ​ឃើញ​នូវ​រោគ​សញ្ញា​ច្បាស់លាស់ ។ វា​ហាក់ដូចជា​បណ្តាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​គ្នា​ជា​ច្រើន ។ អ្នក​ស្រាវជ្រាវ​កំពុង​តែ​ធ្វើការ​សិក្សា ទៅ​លើ​តួនាទី​របស់​ហ្សេ​នេ​ទិច (​តំណរ​ពូជ​) និង ដំណើរ​នៃ​ការ​វិវត្តន៍​របស់​ជំងឺ​រលាក​សន្លាក់ ។

ទោះបីជា​មិន​មាន​មូលហេតុ​ច្បាស់លាស់​ដែល​នាំ​អោយ​មាន​ជំងឺ​រលាក​សន្លាក់​ច្បាស់លាស់​ក៏​ដោយ ក៏​ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​នាំ​អោយ​មនុស្ស​ម្នាក់​អាច​នឹង​កើត​មាន​ជំងឺ​រលាក​សន្លាក់ ។
• អាយុ (Age) ៖ អាយុ​កាន់តែ​ចាស់ កាន់តែ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​រលាក​សន្លាក់ ពិសេស​ជំងឺ​រលាក​សន្លាក់ឆ្អឹង (Osteoarthritis)
• ភេទ (Gender) ៖ ជា​ទូទៅ ជំងឺ​រលាក​សន្លាក់​កើត​លើ​ស្ត្រី​ច្រើន​ជាង​បុរស
• ភាពធាត់​លើស​ទម្ងន់ (Obesity) ៖ ភាពធាត់​ពេក​បាន​ដាក់​សម្ពាធ និង សង្កត់​យ៉ាង​ធ្ងន់​ទៅ លើ​សន្លាក់ ដែល​បង្កើន​ការ​ដាច់ រហែក និង ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​រលាក​សន្លាក់
• កត្តា​ការងារ (Work factors) ៖ ការងារ​មួយ​ចំនួន​ដែល​ទាមទារ​ចលនា​ដដែល​ៗ ឬ ការ​លើក របស់​ធ្ងន់​ៗ​អាច​នឹង​គាបសង្កត់​លើ​សន្លាក់ ឬ រង​របួស​ដែល​បណ្តាល​អោយ​កើត​ជំងឺ​រលាក សន្លាក់ ជា​ពិសេស​គឺជា​ជំងឺ​រលាក​សន្លាក់ឆ្អឹង ។
តើ​ជំងឺ​រលាក​សន្លាក់​កើតឡើង​ញឹកញាប់​ទេ?

ជំងឺ​រលាក​សន្លាក់ គឺជា​ជំងឺ​ដែល​កើតឡើង​ច្រើន​លើ​មនុស្ស​។ វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ ឃើញ​ថា មួយ​នាក់​ក្នុង​ចំនោម​បី​នាក់ ឬ​ជនជាតិ​អា​មេ​រិច​ច្រើន​ជាង ៧០ លាន​នាក់​មាន​ជម្ងឺ​រលាក​សន្លាក់ ឬ ឈឺសន្លាក់ ។ វា​ជា​មូលហេតុ​ចម្បង​ដែល​នាំ​អោយ​ខាតបង់​ពេលវេលា​ការងារ​និង​នាំ​អោយ​មាន​ពិការ​ភាព​របស់​មនុស្ស​ជា ច្រើន ។ ជំងឺ​រលាក​សន្លាក់ឆ្អឹង បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រជាជន​អា​មេ​រិច​ជាង ២០ លាន​នាក់ ។ វា​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​, ប៉ុន្តែ​ជា​ធម្មតា​គឺ​កើត​លើ​មនុស្ស​ចាស់ ។
តើ​គេ​ធ្វើ​រោគវិនិច្ឆ័យ​ជម្ងឺ​រលាក​សន្លាក់​ដោយ​របៀប​ណា?

ជា​ធម្មតា គេ​អាច​ដឹង​ពី​ជំងឺ​រលាក​សន្លាក់ឆ្អឹង​បាន​តាម​រយៈ ការ​សាកសួរ​ប្រវត្តិ​ជំងឺ​, ការ​ព​ណ៏​នា​ពី រោគ​សញ្ញា និង ការ​ពិនិត្យ​ទៅ​ខ្លួន​អ្នកជំងឺ​ផ្ទាល់ ។ គេ​អាច​ប្រើ​វិធីសាស្ត្រ​រូបភាព​ដូច​ជា ការ​ថត​កាំ រស្មី​អ៊ិ​ច (X-rays) ឬ MRI ដើម្បី​អោយ​ដឹង​ពី​លក្ខណៈ​របស់​សន្លាក់ ។ ប្រសិនបើ​សង្ស័យ​ថា​មាន ជំងឺ​រលាក​សន្លាក់​ផ្សេង​ទៀត គេ​អាច​នឹង​ធ្វើការ​វិភាគ​ទៅ​លើ​ឈាម​, ទឹកនោម ឬ ទឹក​សន្លាក់ នៅ​ឯ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ដើម្បី​ងាយស្រួល​កំណត់​ប្រភេទ​ជំងឺ​រលាក​សន្លាក់ ។ ការ​ធ្វើតេស្ត នេះ ក៏​អាច​ជួយ​អោយ​យើង​ដឹង​ពី​ជំងឺ​ផ្សេង​ៗ​ទៀត​ដែល​មាននៅ​ក្នុង​ខ្លួន​យើង​ផង​ដែរ ។
តើ​គេ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ដោយ​វិធី​ណា?

គោលដៅ​នៃ​ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​គឺ កាត់​បន្ថយ​ភាព​ឈឺ​ចុកចាប់ រួម​ទាំង​បង្កើន​ចលនា និង កំលាំង​របស់​សន្លាក់ ។ ជំរើស​នៃ​ការ​ព្យាបាល​អាច​រួម​មាន ៖ ការ​ប្រើប្រាស់​ថ្នាំ​, លំ​ហាត់ ប្រាណ​ថ្ម​ម​ៗ, ការ​ស្អំ​ដោយ​ទឹក​ក្តៅ ឬ ត្រជាក់​, ដាក់​របស់​ការពារ​សន្លាក់ និង ចុង​ក្រោយ គឺ​ការ​វះកាត់ ។ គំរោង​នៃ​ការ​ព្យាបាល​របស់​អ្នក​អាច​មាន​ច្រើន​ជាង​មួយ​ក្នុង​ចំនោម​ជំរើស​ទាំង​នះ ។
តើ​មនុស្ស​មាន​ជំងឺ​រលាក​សន្លាក់​នឹង​មាន​អនាគត​បែប​ណា?

ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល អាច​អោយ​យើង​គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់​, ការ​ឈឺចាប់ និង ភាព​ពិការ​ផ្សេង​ៗ​ត្រូវ​បាន​កាត់​បន្ថយ ។ ម្យ៉ាងទៀត វា​ក៏​អាច​ជួយ​យើង​ដើម្បី​ការពារ​ការ​ងាប់ ជាលិកា​ផ្សេង​ៗ​ដែល​បណ្តាល​មក​ពី​ជំងឺ​រលាក​សន្លាក់ ។ ការ​ព្យាបាល​អោយទាន់​ពេលវេលា គឺជា​កត្តាចាំបាច់​ណាស់​សំរាប់​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ ដើម្បី​ការពារ​ការ​សឹក​រិច​រិល និង ពិការ​ភាព ផ្សេង​ៗ​ទៀត ។
តើ​គេ​អាច​បង្ការ​ជំងឺ​រលាក​សន្លាក់​បាន​ដែរ​ឬទេ?

ទោះបីជា​គេ​មិន​អាច​បង្ការ​ជំងឺ​រលាក​សន្លាក់​បាន​ក៏​ដោយ​, ក៏​ប៉ុន្តែ នេះ​ជា​ជំហាន​ខ្លះ​ៗ​ដែល​កាត់ បន្ថយ​ការ​ប្រឈម​មុខ​ទៅ​នឹង​កា​រវិ​វត្ត​នៃ​ជំងឺ​និង ពន្យា ឬ ការពារ​ការ​ខូចខាត​របស់​សន្លាក់​ដូច​ជា ៖
• រក្សា​ទំងន់​ខ្លួន ៖ ការ​លើស​ទម្ងន់​អាច​ធ្វើ​អោយ​រោយ ឬ បង្ក​ការ​លំបាក​ដល់​សន្លាក់
• លំ​ហាត់ប្រាណ​ក្នុង​ចលនា​ថ្ម​ម​ៗ ៖ ធ្វើ​អោយ​សាច់ដុំ​របស់​អ្នកមាន​កំលាំង​មាំមួន ដើម្បី​អាច​ជួយ​ការពារ និង ទ្រទ្រង់​សន្លាក់​របស់​អ្នក
• ប្រើប្រាស់​ឧបករណ៍ និង វិធីសាស្ត្រ​ការពារ​សន្លាក់​នៅ​កន្លែង​ការងារ ៖ ការ​លើកដាក់ របស់របរ និង ស្ថានភាព​ធ្វើ​ចលនា​សម​ស្រប​អាច​ជួយ​ការពារ​សាច់ដុំ និង សន្លាក់​របស់​អ្នក
• ទទួលទាន​អាហារ​ដែល​មាន​សុខភាព ៖ រក្សា​លំនឹង និង របប​ចំណីអាហារ​អាច​ជួយ​បង្កើន កំលាំង និង សុខភាព​របស់​ឆ្អឹង និង សាច់ដុំ​របស់​អ្នក ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង