រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន ៣៨៨​នាក់ ខណៈ​អ្នកជំងឺ​ចំនួន​៤៨​នាក់ បានជា​សះស្បើយ ។

ក្រសួង​បាន​បន្ត​ថា អ្នក​ឆ្លង​ទាំង​៣៨៨​នាក់ មាន​ម្នាក់​ជា​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ចំនួន​៣៨៧​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ក្នុង​នោះ​រួម​មាន​រាជធានី​ភ្នំពេញ ៣៣១​នាក់​, ខេត្តសៀមរាប ១​នាក់​, ខេត្តស្វាយរៀង ១​នាក់​, ខេត្តតាកែវ ២​នាក់​, ខេត្តកំពង់ចាម ២​នាក់​, ខេត្តកំពង់ស្ពឺ ៣​នាក់​, ខេត្តកណ្តាល ៤​នាក់​, ខេត្តព្រៃវែង ៨​នាក់ និង​ខេត្តបន្ទាយមានជ័យ ៣៥​នាក់​។

សម្រាប់​អ្នកជា​សះស្បើយ​ទាំង​៤៨​នាក់​វិញ សុទ្ធ​សឹង​ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ ដោយ​ទទួល​ទ្ធ​ផល​ធ្វើតេស្ត​អវិជ្ជមាន​២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ប៉ុន្តែ​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព ។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ១៣,៧៩០​នាក់ ក្នុង​នោះ​ករណី​សហគមន៍​២០​កុម្ភៈ ចំនួន​១៣,២៣៧​នាក់​, អ្នកជា​សះស្បើយ​ចំនួន ៥,២០០​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៨៤,៨៧​នាក់​, អ្នក​ស្លាប់​ចំនួន ៩៦​នាក់ និង​អ្នកជំងឺ​កូ​វី​ដ​១៩ ស្លាប់​ដោយ​ជំងឺ​ផ្សេង​មាន​ចំនួន ៧​នាក់ ៕