រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស នៅថ្ងៃទី២២ ខែមេសានេះមានករណីស្លាប់ជនជាតិខ្មែរចំនួន០៣នាក់ បុរសអាយុ៥៥ឆាំ្ន ស្តីអាយុ៨៣ឆ្នាំ និងស្តីអាយុ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី ៖ ១-មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៥៥ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:០៥ នាទីយប់ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយ សង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស ។
ដោយការវិត្តរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើង រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ តម្រូវអោយក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ទោះបីក្រុមគ្រូពេទ្យបានខិតខំយកចិត្ត ទុកដាក់ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បាន ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី រសៀល ។
២-មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៨៣ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣:២០នាទីរសៀល ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង និងស្ទះផ្លូវដង្ហើម ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់តាមបច្ចេកទេស និងយកសំណាកទៅវិភាគ ជាលទ្ធផលបង្ហាញថា មានវិជ្ជមានកូវីដ-១៩ ។
ដោយសារស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរខ្លាំង ដែល ធ្វើអោយអ្នកជំងឺស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ១៤:០០នាទី រសៀល ។
៣-មន្ទីរពេទ្យបង្អែកជ័យជំនះ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៨១ឆ្នាំ ដែលរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលបានចូល សម្រាក នៅមន្ទីរពេទ្យបង្អែកជ័យជំនះ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:៣០ នាទីល្ងាច ក្នុងស្ថានភាពហត់ ដង្ហក់ខ្លាំង បន្ទាប់ពីទទួលបានលទ្ធថាមានវិជ្ជមានកូវីដ-១៩ ។
ដោយការវិត្តរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរ ឡើងៗ ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយ ដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបានហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩:១០នាទីព្រឹក ៕