រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់២៩១នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៣នាក់បានជាសះស្បើយ ។
ក្រសួងបានបន្តថា អ្នកឆ្លងទាំង២៩១នាក់ មានម្នាក់ស្ត្រីជនជាតិបារាំង ធ្វើដំណើរមកពីប្រទេសស្វីសមកកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ និង២៩០នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២២៨នាក់, ខេត្តកណ្តាល ១៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តតាកែវ ១២នាក់, ខេត្តស្វាយរៀង ៨នាក់ និងខេត្តព្រះសីហនុ ២៦នាក់។
គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៥ ៧៧១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៥២២៨នាក់, អ្នកជាសះស្បើយចំនួន ២ ៤១៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៣៣១១នាក់, អ្នកស្លាប់ចំនួន ៣៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់ ៕