ប្រមាត់ ឬថង់ទឹកប្រមាត់មានទីតាំងស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃពោះ ដែលវាមាននាទីជួួយដល់ការរំលាយជាតិខ្លាញ់ តាមរយៈការបញ្ចេញទឹកប្រមាត់ទៅក្នុងពោះវៀនតូច។ យ៉ាងណាមិញ ដំណើរការណ៍នៃការរំលាយជាតិខ្លាញ់មួយនេះអាចនឹងរាំងស្ទះដោយសារតែគ្រួសក្នុងថង់ទឹកប្រមាត់។ រាល់ការស្ទះក្នុងថង់ទឹកប្រមាត់ទាំងអស់ប្រហែលជានាំឲ្យឈឺចាប់ខ្លាំង ជាពិសេសក្រោយពីញ៉ាំអាហារមានជាតិខ្លាញ់រួច។ ពេលខ្លះ វាគឺជារឿងសំខាន់ដែលត្រូវការកាត់ថង់ទឹកប្រមាត់ទាំងមូលចោលតែម្តងដើម្បីបង្ការការឈឺចាប់ និងមិនមានផាសុកភាព។
តើអ្នកអាចរស់នៅបានទេបើសិនជាគ្មានថង់ទឹកប្រមាត់អ៊ីចឹង?
ស្ថិតិបានបង្ហាញថា មានមនុស្សច្រើនជាង ៧៥០០០០នាក់ បានកាត់ថង់ទឹកប្រមាត់ចោលជារៀងរាល់ឆ្នាំក្នុងសហរដ្ឋអាមេរិក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា អ្នកមិនបានសម្គាល់ឃើញថាមានការប្រែប្រួលអ្វីច្រើនចំពោះសុខភាពទេក្រោយពីកាត់ថង់ទឹកប្រមាត់ចេញរួច។ អ្នកខ្លះអាចនឹងត្រូវការព្យាបាលភាពមិនស្រួលខ្លួនមួយចំនួនដែរ។ កាលណាថង់ទឹកប្រមាត់ត្រូវបានកាត់ចោលហើយ វាគឺគ្មានអ្វីដែលត្រូវរក្សាទុកទឹកប្រមាត់ទៀតទេ។ រាងកាយត្រូវការទឹកប្រមាត់ដើម្បីរំលាយជាតិខ្លាញ់ក្នុងអាហារ។ ថង់ទឹកប្រមាត់អាចរក្សាទុកទឹកប្រមាត់បានរហូតដល់មួយពែង និងរក្សាវាទុកនៅពេលអ្នកកំពុងតែគេង ឬមិនត្រូវការរំលាយអាហារ។
នៅពេលអ្នកកាត់ថង់ទឹកប្រមាត់ចោល វានៅតែមានទឹកប្រមាត់គ្រប់គ្រាន់ដដែលសម្រាប់រាងកាយ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់ពោះវៀនតូចទេ។ ដូច្នេះ អ្នកប្រហែលជាមានការពិបាកលើការរំលាយអាហារខ្លះដែរ។ វាអាចបង្កអាការៈមិនស្រួលខ្លួនខ្លះ តែអ្នកនៅតែអាចរស់នៅបានធម្មតាដដែល។
ការប្រែប្រួលក្នុងប្រព័ន្ធរំលាយអាហារ
គ្រូពេទ្យនឹងណែនាំឲ្យអ្នកញ៉ាំអាហារមានជាតិខ្លាញ់តិចក្រោយពីវះកាត់រួច។ អ្នកគួរតែញ៉ាំអាហារបែបនេះប្រហែលពីរបីសប្តាហ៍ និងអាចបន្ថយអាហារខុសៗគ្នាបន្តិចម្តងៗនៅថ្ងៃក្រោយបាន។ ក្រោយពីតមបែបនេះហើយ អ្នកអាចវិលមកញ៉ាំអាហារបែបធម្មតាវិញបានដែរ។ តាមស្ថិតិបានបង្ហាញថា ក្រោយពីវះកាត់ថង់ទឹកប្រមាត់ចោលរួចហើយ អ្នកជំងឺស្ទើរតែ ៩០ភាគរយអាចត្រឡប់មកញ៉ាំអាហារធម្មតាវិញបាន។ មានន័យថា អ្នកខ្លះអាចសម្គាល់ឃើញការប្រែប្រួលណាមួយក្នុងការរំលាយអាហារពួកគេក្រោយពីកាត់ថង់ទឹកប្រមាត់រួច។ ពួកគេប្រហែលជាធ្លាប់មានបញ្ហាក្រពះមិនកិនអាហារ ឬឈឺក្រពះក្រោយពីញ៉ាំអាហារមានជាតិខ្លាញ់រួច៕