រាជធានីភ្នំពេញ ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី៨ ខែមេសានេះ មានករណីស្លាប់ បុរសជនជាតិខ្មែរចំនួន០២នាក់ អាយុ ៦៨ឆ្នាំ និងអាយុ ៤៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការផ្តល់ព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ដែលរស់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១:៤០នាទី រំលងអធ្រាត្រ និងបុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ -១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១:៥៥នាទីព្រឹក ។
សូមបញ្ជាក់ ៖ ក្រសួងថា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩សរុប៣០២៨ នាក់ អ្នកជាសះស្បើយ១៩១៤ នាក់ អ្នកកំពុងព្យាបាល១០៨៥ នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩មានចំនួន ២៤ នាក់ហើយ ក្នុងនោះ ខ្មែរ ២២ នាក់ ជនជាតិចិន ១នាក់ និងកូរ៉េ ១នាក់៕