រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានលើកឡើងថា បុរសជនជាតិខ្មែរម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ វាយលុកលឿន សរុបអ្នកស្លាប់កើនដល់៨នាក់ហើយ ។
យោងតាមសេចក្តីប្រកាសព័ត៌មានមានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ មីនា ឆ្នាំ២០២១បានឲ្យដឹងថា ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ ៥៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩នៅខេត្តកណ្តាល ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៥៥ឆ្នាំ មានអាសយដ្ឋាននៅភូមិក្តីចាស់ ឃុំ ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតដោយសារជំងឺវីដ-១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១១ វេលាម៉ោង ១៦:០០នាទីរសៀល ។
ក្រសួងបានលើកឡើងថា បុរសខាងលើនេះ បានធ្លាក់ខ្លួនឈឺដោយក្ដៅខ្លួន និងក្អកប្រហែលជា ៣ ទៅ ៤ថ្ងៃមុនស្លាប់ ដោយសភាពកាន់តែធ្ងន់ទៅក៏បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០រសៀល ក្នុងស្ថានភាពមានអាការៈហត់ដង្ហក់ខ្លាំង ដែលជាសញ្ញានៃវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ ។
ដោយការសង្ស័យ ក្រុមគ្រូពេទ្យ បានយកវត្ថុសំណាកទៅវិភាគភ្លាមៗនៅពេលចូលមកដល់មន្ទីរពេទ្យ ហើយលទ្ធផលវិភាគវត្ថុសំណាករបស់គាត់បានបង្ហាញថា មានវិជ្ជមានវីរុសកូវីដ-១៩ នៅវេលាម៉ោង ២៣:០០យប់នាថ្ងៃដដែល ។ ដោយសារស្ថានភាពធ្ងន់ធ្ងរពេកបែបនេះ ក្រុមគ្រូពេទ្យក្រៅពី ផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមភ្លាមៗ តែជាអកុសល ក្នុងរយៈពេលតែកន្លះ ម៉ោងប៉ុណ្ណោះ គាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ទៅ ។
ក្រសួងបានបន្តថា តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសវ័យ៥៥ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុកសួតសាហាវលឿន និងធ្ងន់ធ្ងរខ្លាំងពេក ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព ។
សូមជម្រាបថា បើតាមការឲ្យដឹងបុរសដែលស្លាប់ដោយសារជំងឺកូវីដ១៩ ជាជនទី៨នេះជាមន្ត្រីនគបាលចរាចណ៍រាជធានីភ្នំពេញ ៕