រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានប្រកាសថា មាករណីអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ បានស្លាប់ក្នុងនោះមានបុរសជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ។ ករណីស្លាប់ដោយសារកូវីដ១៩ នៅកម្ពុជាមាន៧នាក់ហើយ ។

ដោយអ្នកស្លាប់ទី១ – ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freelance តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កំរិត១ និងលើសឈាម, ក្រុមគ្រូពេទ្យរកឃើញមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងមានខ្សោយសួតខ្លាំង។ តេស្តឃើញជំងឺកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក។
អ្នកស្លាប់ទី២ – ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ រកឃើញជំងឺកូវីដ១៩នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យរកឃើញអ្នកជំងឺមានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងខ្សោយសួតខ្លាំងរហូតដល់ប្រើម៉ាស៊ីនជំនួយ។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង៧៖៤៥នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ មានអ្នកជំងឺបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៧ នាក់ហើយ ក្នុងនោះជនជាតិខ្មែរ ៦ នាក់ និងជនជាតិចិន ១ នាក់ ៕