Join with Health.com.kh on Telegram

ការ​ឈឺ​ចុកចាប់​សន្លាក់​មាន​ច្រើន​ប្រភេទ​និង​កើត​មាន​យ៉ាងច្រើន​គួរ​អោយ​កត់សម្គាល់​នៅ​ក្នុង​ចំណោម​មនុស្ស​ចាស់​ដោយ​បង្ករ​ជា​ការ​ឈឺចាប់​ដែល​អ្នកជំងឺ​ពិបាក​នឹង​ទ្រាំ​។​រោគ​ប្រគ្រីវ​ជា​ជំងឺ​ឈឺសន្លាក់​មួយ​ប្រភេទ​ដែល​សម្បូរ​ផង​ដែរ​នៅ​កម្ពុជា​យើង​។​បើសិនជា​រូប​អ្នក​ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ណា​ម្នាក់​មាន​ជំងឺ​នេះ​។​អ្នក​គួរតែ​យល់​ដឹង​អំពី​ព័ត៌មាន​ជា​មូលដ្ឋាន​ដែល​អាច​ជួយ​ដល់​សុខភាព​របស់​អ្នក​បាន ។

តើ​រោគ​ប្រគ្រីវ​គឺជា​អ្វី?

រោគ​ប្រគ្រីវ ឬ ឈឺ​តាម​សន្លាក់ឆ្អឹង (Gout) គឺជា​ប្រភេទ​មួយ​នៃ​ជំងឺ​រលាក​សន្លាក់ ។ វា​អាច បណ្តាល​អោយ​មានការ​ឈឺចាប់​ក្តៅ​ៗ (burning pain), តឹង ឬ រឹង (stiffness), និង​ហើម (swelling) នៅ​ក្នុង​សន្លាក់ ជា​ពិសេស​គឺ​នៅ​មេជើង ។ ការ​យាយី​រំខាន​នេះ​អាច​កើត​មាន ឡើង រហូត​ទាល់តែ​រោគ​ប្រគ្រីវ​ត្រូវ​បាន​ទទួល​ព្យាបាល ។ ព្យាបាល​មិន​ទាន់​ពេលវេលា​, វា​អាច​នឹង​ធ្វើ​អោយ​អន្តរាយ​ដល់​សន្លាក់ (joints), សរសៃពួរ (tendons) និង ជាលិកា (tissues) ដទៃ​ទៀត ។ ជា​ទូទៅ​, វា​ច្រើន​កើត​លើ​បុរស​ភេទ ។

រោគ​ប្រគ្រីវ​បណ្តាល​មក​ពី​អ្វី?

រោគ​ប្រគ្រីវ​បណ្តាល​មក​ពី​មាន​ជាតិ​អាស៊ីត​អ៊ុយ​រិច (uric acid) ច្រើន​ពេក​នៅ​ក្នុង​ឈាម ។ ធម្មតា​, ការ​មាន​អាស៊ីត​នេះ​ច្រើន​ក្នុង​ខ្លួន​មិន​បាន​ចោទ​ជា​បញ្ហា​អ្វី​ខ្លាំង​នោះ​ទេ ។ មនុស្ស ដែល​មាន​កំរិត​អាស៊ីត​អ៊ុយ​រិច​ខ្ពស់​ក្នុង​ឈាម​ក៏​មិន​មាន​រោគ​ប្រគ្រីវ​នេះ​ដែរ ។ ប៉ុន្តែ​, នៅ​ពេល ដែល​អាស៊ីត​អ៊ុយ​រិច​មាននៅ​ក្នុង​ឈាម​ច្រើន​ពេក​, វា​បាន​បំ​លែង ឬ បង្កើត​ទំរង់​ខ្លួន​ដូច​ជា គ្រាប់​គ្រី​ស្តា​ល់​នៅ​ក្នុង​សន្លាក់​របស់​អ្នក​អ​ញ្ចឹ​ង ។

ឳ​កាស​ដែល​អាច​កើតរោគ​ប្រគ្រីវ​មាន​ខ្ពស់ ប្រសិនបើ​អ្នក​លើស​ទំងន់​, ទទួលទាន​សុរា​ច្រើន ឬ បរិភោគ​សាច់ និង ត្រី​ដែល​មាន​ជាតិ​គីមី ហៅ​ថា ព្យូ​រី​ន (purines) ។ ថ្នាំ​មួយ​ចំនួន​ដូច​ជា ពពួក​ថ្នាំ​បញ្ចុះ​ទឹកនោម (diuretics) ក៏​អាច​ជាដើម​ហេតុ​នៃ​ជំងឺ​នេះ​ដែរ ។

តើ​វា​មាន​រោគ​សញ្ញា​អ្វីខ្លះ?

សញ្ញា​ដែល​កើតឡើង​ញឹកញាប់​បំផុត​នោះ​គឺ​នៅ​ពេល​យប់​ដែល​មាន​ដូច​ជា ឡើង​ហើម​, ក្រហម និង​ឈឺចាប់​នៅ​លើ​ម្រាម​មេជើង ហើយ​ក៏​អាច​នៅ​លើ​ជើង​, កជើង ឬ ជង្គង់​ផង​ដែរ ។ ការ​យាយី​នេះ​អាច​នឹង​មាននៅ​យូរ ពីរ​បី​ថ្ងៃ ឬ ច្រើន​ស​ប្តា​ហ៍​មុន​ពេល​បាត់​ការ​ឈឺចាប់ ។ ការ​រំខាន​ផ្សេង​ទៀត​អាច​នឹង​មិនកើត​មាន​ឡើងជា​ច្រើន​ខែ ឆ្នាំ ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស ទោះបីជា​អ្នក​ឈប់​ឈឺចាប់​ក៏​ដោយ ។ ការ ផលិត​អាស៊ីត​អ៊ុយ​រិច​នៅ​តែ​គំរាមកំហែង​ដល់​សន្លាក់​របស់​អ្នក ។

គេ​ធ្វើ​រោគវិនិច្ឆ័យ​រោគ​ប្រគ្រីវ​ដូច​ម្តេចទៅ?

វេជ្ជបណ្ឌិត​នឹង​សួរ​អ្នក​អំពី​រោគ​សញ្ញា និង ធ្វើការ​ពិនិត្យ​ទៅ​លើ​ខ្លួន​អ្នក ។ គាត់​ក៏​អាច​ធ្វើការ បូម​យកជាតិ​ទឹក​ដែល​មាននៅ​ក្នុង​សន្លាក់​របស់​អ្នកផង​ដែរ ដើម្បី​ស្វែងរក គ្រាប់​គ្រី​ស្តា​ល់ អាស៊ីត​អ៊ុយ​រិច ។ នេះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​រក​ជំងឺ​ប្រគ្រីវ ។ ការ​ធ្វើតេស្ត​ឈាម ដើម្បី​អោយ ដឹង​ពី​ចំនួន​អាស៊ីត​អ៊ុយ​រិច​ក្នុង​ឈាម​របស់​អ្នក​ត្រូវ​បាន​ស្នើរ​សុំ​អោយធ្វើ ។

គេ​ព្យាបាល​រោគ​ប្រគ្រីវ​ដោយ​វិធី​ណា?

ដើម្បី​បញ្ឈប់​ការ​យាយី​នៃ​រោគ​ប្រគ្រីវ​, វេជ្ជបណ្ឌិត​អាច​នឹង​អោយ​អ្នក​ប្រើប្រាស់​ថ្នាំ​ពពួក គ័ក​ទី​កូ​អ៊ី​ត (corticosteroids) និង ថ្នាំ​មួយ ឬ ច្រើន​ផ្សេង​ទៀត​ក្នុង​កំរិត​មួយ​ខ្ពស់​ជា​ប្រចាំ​ថ្ងៃ ។ កំរិត​នៃ​ការ​ប្រើប្រាស់​ថ្នាំ​នឹង​ត្រូវ​បាន​កាត់​បន្ថយ ខណៈ​ពេល​ដែល​រោគ​សញ្ញា​របស់​អ្នក បាន​បាត់ ។ អ្នក​នឹង​បាន​ធូរស្រាល​មក​វិញ ក្នុង​រយៈពេល ២៤ ម៉ោង​បន្ទាប់ ប្រសិនបើ​អ្នក បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ ។

ដើម្បី​សំរួលការ​ឈឺចាប់​នៅ​ពេល​រោគ​នេះ​វាយប្រហារ​, ចូរ​អ្នក​សំរាក កុំ​ប៉ះពាល់​ត្រង់​សន្លាក់ ដែល​ឈឺ ។ ញ៉ាំ​ថ្នាំ​អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន (ibuprofen) ឬ​ក៏​ថ្នាំ​បំបាត់​ការ​រលាក​ផ្សេង​ៗ​ទៀត (anti-inflammatory medicine) អាច​អោយ​អ្នកមាន​អារម្មណ៍​ប្រសើរ​ឡើង ។ ប៉ុន្តែ ហាម​ប្រើ ដាច់ខាត​ចំពោះ​ថ្នាំ​អាស្ពីរីន (aspirin) ព្រោះ​វា​ធ្វើ​អោយ​ស្ថានភាព​អ្នក​កាន់តែ​អាក្រក់​ឡើង ដោយសារ​ការ​ឡើង​នូវ​អាស៊ីត​អ៊ុយ​រិច​ក្នុង​ឈាម ។

ដើម្បី​ការពារ​ការ​យាយី​នេះ​នៅ​ថ្ងៃក្រោយ​ទៀត​, វេជ្ជបណ្ឌិត​អាច​ចេញ​វេជ្ជបញ្ជា​អោយ​អ្នក​នូវ ប្រភេទ​ថ្នាំ​ដើម្បី​បន្ថយ​ជាតិ​អាស៊ីត​អ៊ុយ​រិច​ដែល​មាន​ក្នុង​ឈាម (​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​) ។ មនុស្ស​ជា​ច្រើន​បាន​បន្ត និង ប្រើប្រាស់​ថ្នាំ​នេះ​ពេញ​មួយ​ជីវិត​របស់​ពួក​គេ ។

ការ​យក​ចិ​ត្តុ​ក​ដាក់​ទៅ​លើ​អ្វី​ដែល​អ្នក​ទទួលទាន អាច​ជួយ​អោយ​អ្នកគ្រប់គ្រង​រោគ​ប្រគ្រីវ បាន ។ គួរតែ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​ល្អ លាយ​បញ្ចូល​គ្នា​ដើម្បី​រក្សា​ទំងន់ និង ទទួល​បាន​នូវ​សារជាតិ​ចិញ្ចឹម​ដែល​អ្នក​ត្រូវការ ។ ចៀសវាង​ការ​ទទួលទាន​សាច់​, អាហារ សមុទ្រ​, និង ជាតិ​អាល់កុល (​ប៊ី​យ៉ែ​) រាល់ថ្ងៃ ។ ផឹកទឹក​អោយ​បាន​ច្រើន … ៕