១. ក្រូចឆ្មារ អាចប្រឆាំងនឹងរ៉ាឌីកាល់សេរី
រ៉ាឌីកាល់សេរី គឺជាភ្នាក់ងារដែលបង្កការខូចខាត ដល់កោសិកា និងភ្នាសកោសិកា។ វាអាចធ្វើឲ្យរលាក បង្កជំងឺរ៉ាំរ៉ៃ និងធ្វើឲ្យយើងឆាប់ចាស់។ វីតាមីន C ដ៏ច្រើនដែលមាននៅក្នុងក្រូចឆ្មារ អាចទប់ស្កាត់នឹងរ៉ាឌីកាល់សេរីនេះបាន។
២. ក្រូចឆ្មារ ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
វាអាចកម្ចាត់រោគផ្តាសាយ តាមរយៈការពង្រឹងប្រព័ន្ធភាពស៊ាំ។ អាស៊ីតស៊ីទ្រិច វីតាមីន C កាល់ស្យូម និងប៉ិចទីន (pectin) គឺជាសារធាតុចាំបាច់ សម្រាប់ប្រព័ន្ធភាពស៊ាំ និងការពារជំងឺនានា។
៣. ក្រូចឆ្មារ ការពារកោសិកា ពីជំងឺមហារីក
ក្រូចឆ្មារ មានសារធាតុ limonene ដែលអាចបញ្ឈប់ការលូតលាស់ របស់កោសិកាមហារីក។ សារធាតុ limonoids ដែលមាននៅក្នុងផ្លែឈើជូរ អាចការពារកោសិកា ពីការខូចខាតនានា ដែលជាដើមហេតុនៃជំងឺមហារីក។
៤. ក្រូចឆ្មារ ធ្វើឲ្យមានតុល្យភាព សារធាតុគីមីនៅក្នុងរាងកាយ
ក្រូចឆ្មារ ធ្វើឲ្យសារធាតុនានា នៅក្នុងរាងកាយរបស់យើង មានភាពស្មើៗគ្នា។ ក្រូចឆ្មារ អាចកាត់បន្ថយការឈឺចាប់ និងការរលាកនៅក្នុងសន្លាក់។
៥. ក្រូចឆ្មារ ធ្វើឲ្យពោះវៀនរត់ស្រួល
ក្រូចឆ្មារ ជួយឲ្យរាងកាយ ស្រូបយកជាតិសរសៃបានស្រួល ហើយជាតិសរសៃ ដែលមាននៅក្នុងក្រូចឆ្មារ អាចជួយការពារយើង ពីការទល់លាមក និងជំងឺឬសដូងបាត។
៦. ក្រូចឆ្មារ ជួយឲ្យយើងមានអារម្មណ៍ល្អ
រសជាតិជូររបស់ក្រូចឆ្មារ មិនមែនធ្វើឲ្យមនុស្សអសកម្ម ឬពិបាកជាងមុននោះទេ ប៉ុន្តែ ក្រូចឆ្មារ អាចជួយយើង ឲ្យមានអារម្មណ៍ល្អ។ ក្រូចឆ្មារ ជួយលើកកម្ពស់ស្មារតី ការគិតច្បាស់លាស់ជាងមុន ហើយអាចជួយកាត់បន្ថយបញ្ហាស្ត្រេស ឬធ្លាក់ទឹកចិត្តថែមទៀតផង៕