រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០នាក់ទៀត ដែលក្នុងនោះមាន៣៨នាក់ ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស ។

ក្រសួងបានបន្តថា អ្នកជំងឺដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង៣៨នាក់ ក្នុងនោះមានជនជាតិចិន៣៥នាក់ ជនជាតិវៀតណាម២នាក់ និងជនជាតិខ្មែរម្នាក់ ។ ចំពោះអ្នកធ្វើដំណើរមកពីក្រៅប្រទេស រកឃើញឆ្លងកូវីដ១៩ ទាំង២នាក់ គឺជាជនជាតិចិន នៅខេត្តព្រះសីហនុ ។
ដោយឡែកនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ផងដែរ គឺជាបុរសជនជាតិខ្មែរ ដែលស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អ្នកធ្វើដំណើរមកពីប្រទេសគុយវ៉ែត ។

គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ៕

