រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ រកឃើអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៧នាក់បន្ថែមទៀត ដែលក្នុងនោះមានករណីវិជ្ជមានក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» មានចំនួន១៥នាក់ និងមានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ដែរ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ថ្មី ទាំង១៧នាក់ ខាងលើរួមមាន ៖ ជនជាតិឆេកម្នាក់ ដែលអ្នកធ្វើដំណើរមកពីប្រទេសឆេក បន្តជើងហោះហើរមកពីកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី ៧ ខែកម្ភៈនេះ និងជនជាតិចិនចំនួន១៤នាក់ និងវៀតណាមម្នាក់ ដែលជាអ្នកពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ហើយបុរសជនជាតិខ្មែរម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ ។

ចំពោះអ្នកជាសះស្បើយ៣នាក់ ខាងលើមាន ៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីជនជាតិចិនម្នាក់ ដែលធ្វើដំណើរមកពីក្រៅប្រទេស និងស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ។

ក្រសួងសុខាភិបាលបន្តថា ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ ត្រូវចូលរួមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហើយអ្នកពាក់ព័ន្ធ១៤ថ្ងៃ មុនព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវមកធ្វើតេស្ត នៅមណ្ឌលសុខភាពចាក់អង្រែ ត្រូវចូលរួមផ្តល់ព័ត៌មានបុគ្គលដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើងអ្នកដែលឆ្លងកូវីដ១៩ នោះឡើយ ។

គិតត្រឹមម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់ផងដែរ ៕