រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤នាក់ ខណៈមិនបានព្យាបាលជាសះស្បើយនោះទេ ។

ក្រសួងបានឲ្យដឹងថា អ្នកដែលឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ គឺ ៖
១- បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។

២- ស្ត្រីជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២១ ។
ក្រសួងថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ២រូប ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាព សាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាក ព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ ។
ក្រសួងបានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២៨នាក់ ដែលនៅ ក្នុងចំនួននេះមាន បុគ្គលខាងលើនេះផងដែរ ។ រីឯ អ្នកដំណើរចំនួន ១២៦នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ១២៣ នាក់ និងមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន ០៣នាក់។
៣ – ស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃ ក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
៤- បុរសជនជាតិស្វីស អាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើ ដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
លទ្ធផលធ្វើតេស្កវត្ថុសំណាកលើកទី២ របស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃ ក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ក្រសួងបានគូសបញ្ជាក់ថសមិនមានករណីជាសះស្បើយ នោះទេ។
សូមជម្រាបថាកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប៤៨៣នាក់ និងបានព្យាបាលជាសះស្បើយចំនួន៤៧០នាក់ ហើយកំពុងសម្រាកព្យាបាលចំនួន១៣នាក់ ៕