រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានព្យាបាលជាសះស្បើយអ្នកឆ្លងកូវីដ១៩ បានម្នាក់ និងគ្មានករណីឆ្លងថ្មីឡើយ ។ រយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលក្រសួងមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះកម្ពុជានោះ ។
ក្រសួងបានបន្តថា អ្នកជំងឺដែលទើបព្យាបាលជាសះស្បើយម្នាក់ខាងលើជាស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃតាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ ៖ គិតត្រឹមម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧០នាក់ និងអ្នកជំងឺ០៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ៕