រាជធានីភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ ខណៈអ្នកជំងឺជាសះស្បើយមានចំនួន៤នាក់ ។

ក្រសួងបានបន្តថា អ្នករកឃើញឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ គឺជាស្ត្រីជនជាតិខ្មែរ អាយុ ៥២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ចំពោះអ្នកជំងឺជាសះស្បើយសរុបចំនួន០៤នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជាមានខាងលើ
១- ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

២- ស្ត្រីជនជាតិខ្មែរ អាយុ៦៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១។
៣- ស្ត្រីជនជាតិខ្មែរ អាយុ ៥០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
៤- កុមារាជនជាតិឥណ្ឌូណេស៊ី អាយុ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តសៀមរាប ជាកូនប្រុសរបស់បុរស អាយុ ៣៤ឆ្នាំ និងស្ត្រី អាយុ ៣៣ឆ្នាំ ដែលបានជាសះស្បើយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ជាអ្នកធ្វើដំណើរ មកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០៤នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
គិតត្រឹមម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៦៣នាក់ និងកំពុងសម្រាប់នៅមន្ទីរពេទ្យចំនួន ១៦នាក់ផងដែរ ៕