រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសថា បានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន២នាក់ថែមទៀត ខណៈជាសះស្បើយមិនមានឡើយថ្ងៃនេះ ។

ក្រសួងបានបន្តថា អ្នកឆ្លងកូវីដ១៩ថ្មី ទាំង២នាក់រួមមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃតាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ របស់ស្ត្រីរូបនេះ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

២- បុរសជនជាតិនីហ្សេរីយ៉ា អាយុ២៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ មានសរុបចំនួន ៤១នាក់ ដែលក្នុងចំនួននេះមានបុរសខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន ៤០នាក់ដែលមានលទ្ធផលអវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។
គិតត្រឹមម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន៤៥៧នាក់ និងអ្នកជំងឺ២១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ៕