ការហើមរបស់កែងជើង និងប្រអប់ជើងមានមូលហេតុរបស់វាមួយចំនួន។ ដោយសារតែភាគច្រើននៃកត្តាដែលធ្វើឲ្យហើមប្រអប់ជើងក៏ប្រហែលជាធ្វើឲ្យហើមដល់កែងជើងដែរ ដូច្នេះតាមរយៈអត្ថបទមួយនេះ យើងនឹងនិយាយអំពីប្រធានបទទូទៅមួយដែលគ្របដណ្តប់ទាំងការហើមកែងជើង និងប្រអប់ជើងចូលគ្នាតែម្តង។ ការហើមប្រអប់ជើង និងកែងជើងច្រើនតែជាសញ្ញាមួយ ឬអាការៈមួយនៃជំងឺមួយផ្សេងទៀតក្នុងខ្លួន ហើយភាគច្រើនវាមិនមែនជាបញ្ហាធំដុំដែលត្រូវបារម្ភខ្លាំងឡើយ។ យ៉ាងណាមិញ សម្រាប់ហេតុផលមួយចំនួន ការហើមប្រអប់ជើង កែងជើង និងម្រាមជើងប្រហែលជាសញ្ញាព្រមានមួយដែលតម្រូវឲ្យអ្នកជំងឺស្វែងរកការព្យាបាលមូលហេតុរបស់វា។ 

មូលហេតុនៃការហើមជើងនិងកែងជើងអាចមានដូចជា៖

  • ការហើមដោយសារតែសកម្មភាព៖ ការហើមដោយសារតែការឈរ ឬដើរ (ជាធម្មតាធ្វើសកម្មភាពទាំងនេះយូរពេក ហើយវាក៏អាចប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ទៀតផងដែរ)
  • មានផ្ទៃពោះ៖ វាគឺជាការហើមធម្មតាដែលស្រ្តីមានផ្ទៃពោះភាគច្រើនធ្លាប់មានក្នុងពេលពោះធំ
  • ផលរំខានរបស់ថ្នាំ៖ ថ្នាំភាគច្រើនមានផលរំខានរបស់ជាការចាលជាតិទឹកក្នុងខ្លួនដែលចេញជាអាការៈហើម។ ថ្នាំទាំងនោះអាចមានដូចជា Steroids និង NSAIDs ថ្នាំអ័រម៉ូន ឬថ្នាំអ្នកជំងឺទឹកនោមផ្អែម ថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំបញ្ចុះសមញពាធឈាមប្រភេទ Calcium Channel Blockers។ 
  • មានរបួស៖ រាល់របួសទាំងឡាយដែលកើតឡើងនៅប្រអប់ជើង ឬកែងជើង (ច្រើនតែជាការគ្រិច ឬបាក់) អាចធ្វើឲ្យហើមបាន។
  • ជំងឺ៖ ជំងឺបេះដូង ជំងឺថ្លើម ជំងឺតម្រងនោម (រាល់ជំងឺទាំងអស់សុទ្ធតែជះឥទ្ធិពលទៅលើចលនារបស់ជាតិទឹកក្នុងរាងកាយតាមរយៈប្រតិកម្មរាងកាយ ការរំលាយអាហារ និងអេឡិចត្រូលីត្រទឹក)។
  • ការបង្ករោគ៖ រាល់ការបង្ករោគទាំងអស់ ទាំងការបង្ករោគនៅហ្នឹងតំបន់ (ខ្ទុះ) ឬពេញខ្លួន (ការរលាកកោសិកា)
  • ហើមកូនកណ្តុរ៖ ការហើមដោយសារតែសរសៃទឹករងៃ ឬការស្ទះទឹកក្នុងកូនកណ្តុរ។
  • កំណកឈាម៖ ការស្ទះរបស់សរសៃឈាម (ច្រើនតែជាសរសៃឈាមវ៉ែន) ដែលធ្វើឲ្យជាតិទឹកជ្រាប់ចេញពីសរសៃឈាមចូលជាលិកា៕