រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានប្រកាស បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ ខណៈបានព្យាបាលជាអ្នកជំងឺ៣នាក់ជាសះស្បើយ ហើយបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយដែរ ។
ក្រសួងបានបន្តថា អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទាំង២នាក់រួមមាន ៖
១- បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តព្រះសីហនុ ជាអ្នកដំណើរមក ពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខ ភាពសាធារណៈនៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
២- ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០៣ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ដោយឡែក អ្នកជាសះស្បើយទាំង៣នាក់រួមមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ ១៧ឆ្នាំ មានអាសយដ្ឋានស្នាក់សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ស្ត្រីរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធ ផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់ រោគរបេងនិងហង់សិន។
២- បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាអ្នកដំណើរមកពី ប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន។
៣- ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរ មកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ ស្ត្រីរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤១២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៨នាក់ផងដែរ ៕