រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលជាអ្នកដំណើរមកពីអាមេរិក និងនីហ្សេរីយ៉ា ខណៈអ្នកជំងឺដែលជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ៣នាក់ជាសះស្បើយផងដែរ ។

ក្រសួងបានបន្តថា អ្នកឆ្លងកូវីដ១៩ ថ្មីទាំង៣នាក់ រួមមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
២- បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២១។
សូមកត់សម្គាល់ថា ៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង០២នាក់ ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤៧នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលទាំង០២នាក់ ខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៤៥នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាធានី ភ្នំពេញ ចំនួន ២៤នាក់ សណ្ឋាគារមួយទៀត ក្នុងរាធានីភ្នំពេញ ចំនួន ០១នាក់ និងសណ្ឋាគារមួយទៀត ក្នុង រាធានីភ្នំពេញ ចំនួន ២០នាក់ ។
៣- បុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថាន ជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា ៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៨៣នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៨២នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុង រាធានីភ្នំពេញ ចំនួន០១នាក់ សណ្ឋាគារមួយទៀត ក្នុងរាធានីភ្នំពេញ ចំនួន៤៤នាក់ និងសណ្ឋាគារមួយទៀត ក្នុងរាធានីភ្នំពេញចំនួន ៣៧នាក់ ។
ចំពោះអ្នកជាសះស្បើយទាំង០៣នាក់រួមមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានុថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២១។
២- ស្ត្រីជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០២រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តបន្ទាយមានជ័យ។
៣- ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៥៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយ ចំនួន៣៩៩នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៧នាក់ ៕