រាជធានីភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានប្រកាសថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីម្នាក់ទៀត ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក និងគ្មានករណីជាសះស្បើយឡើយ ។
អ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ខាងលើនេះ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរមកពីអាមេរិកបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១ ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់មេរោគរបេង និងហង់សិន ។
គត់សម្គាល់ថា អ្នកដំណើរតាមជើងហោះហើរខាងលើ សរុបមានចំនួន១០នាក់ ដែលក្នុងចំនួននោះ មានបុគ្គលខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន០៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ ៖ គិតត្រឹមម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៧៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៧នាក់ ៕