Join with Health.com.kh on Telegram

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​ព្យាបាល​ជា​សះស្បើយ​បាន​អ្នក​កើត​កូ​វី​ដ​១៩​ចំនួន​២​នាក់​បន្ថែម​ទៀត ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី​ឡើយ ។

ក្រសួង​បាន​បន្ត​ថា អ្នកជំងឺ​ទាំង​២​នាក់ ដែល​ព្យាបាល​ជា​សះស្បើយ​នោះ​រួម​មាន
១- ស្ត្រីជន​ជាតិខ្មែរ អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​ភរិយា​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៤​ឆ្នាំ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ដោយ​ជា​សះស្បើយ​កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​។ ស្ត្រី​រូប​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួលលទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន​២​លើក ត្រូវ​បាន​អនុ​ញ្ញា​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

២- បុរស​ជនជាតិ​ខ្មែរ​-​អា​មេ​រិ​ក អាយុ​៥៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​ប្រទេស​ចិន តាម​ជើងហោះហើរ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២​លើក ត្រូវ​បាន​អនុ​ញ្ញា​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៣៦៣​នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣៥១​នាក់ និង​អ្នកជំងឺ​ចំនួន ១២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ សម្រាប់​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» មាន​អ្នក​ឆ្លង​សរុប​ចំនួន​៤១​នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ៣៣​នាក់ ៕