រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។

ក្រសួងបានបន្តថា អ្នកជាសះស្បើយទាំង២នាក់នោះរួមមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារមួយ ក្នុងរាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។




២- បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានស្នាក់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
គិតត្រឹមម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣៦៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន៣៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៤នាក់ ។ សម្រាប់ឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» រកឃើញសរុបចំនួន ៤១នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ៣២នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ៩នាក់ ៕