ជំងឺ​ពុក​ឆ្អឹង​ច្រើន​តែ​ទាក់ទង​នឹង​នឹង​អាយុ​កាន់តែ​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក៏​កើត​មាន​លើ​មនុស្ស​វ័យក្មេង​ដែរ ​។ អ្វី​ដែល​ជា​ចំណុច​កាន់តែ​អាក្រក់​នោះ​គឺថា វា​គឺជា​ជំងឺ​ដែល​គេ​កម្រ​នឹង​រក​ឃើញ ឬ​រក​ឃើញ​យឺត​ពេល​។ វា​ចាប់ផ្តើម​ជាមួយនឹង​ការ​ឈឺចាប់​តិចតួច និង​មិនសូវ​ចាប់អារម្មណ៍​រហូត​ដល់​អ្នកជំងឺ​ឧស្សាហ៍​មាន​បញ្ហា​បាក់បែក​ឆ្អឹង​។

បុរស​និង​ស្ត្រី​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ ហើយ​កង្វះ​ជាតិ​កាលស្យូម​ក្នុង​ខ្លួន​ទៀត​នោះ​គឺ​ប្រឈម​ខ្លាំង​នឹង​ការ​ពុក​ឆ្អឹង​នេះ​តែ​ម្តង​។ ក្រៅពី​នេះ អ្នក​ដែល​មាន​ប្រវត្តិ​ជំងឺ​ពុក​ឆ្អឹង រាង​ស្គម និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ឬ​ជក់បារី និង​ស្ត្រី​រ៉ាំ​ង​រដូវ​ក៏​ងាយ​នឹង​កើត​ជំងឺ​ពុក​ឆ្អឹង​ណាស់​ដែរ​។

មនុស្ស​ជា​ច្រើន​តែង​ច្រឡំ​ថា​ជំងឺ​ពុក​ឆ្អឹង​គឺជា​ជំងឺ​រលាក​សន្លាក់ និង​រង​ចាំ​មើល​រោគ​សញ្ញា​របស់​វា​ដូច​ជា ឈឺចាប់ និង​ហើម​នៅ​សន្លាក់​សិន​មុន​ពេល​ទៅ​ជួប​ពេទ្យ​។ ប៉ុន្តែ​ការ​ពិត​នោះ​គឺថា រោគ​សញ្ញា​ជំងឺ​នេះ​ក្រ​កើត​មាន​ណាស់​។

អ្នក​ដែល​មាន​រោគ​សញ្ញា​ជំងឺ​ពុក​ឆ្អឹង​ច្រើន​តែ​ឃើញ​មាន​លើ​អាកា​រៈ​ជំងឺ​ធ្ងន់ធ្ងរ​ទៅ​ហើយ ដោយ​មាន​បង្ហាញ​ជា​ការ​ឈឺចាប់​បែប​ងំ​នៅ​ក្នុង​សាច់ដុំ និង​ឆ្អឹង ដែល​ជា​ទូទៅ​កើត​មាន​លើ​ចង្កេះ ឬក​។ ជាមួយ​គ្នា​នេះ​ដែរ មនុស្ស​ម្នាក់​អាច​មាន​អាកា​រៈ​ឈឺចាប់​ភ្លាម​ៗ និង​ឈឺ​ដូច​គេ​ចាក់​គឺ​នៅ​ពេល​អាកា​រៈ​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ទៅ​ហើយ​។

ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​ជំងឺ​ពុក​ឆ្អឹង​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​៖

ឈឺ​ខ្នង
ការ​ឈឺ​ខ្នង​លើ​ជំងឺ​ពុក​ឆ្អឹង​ច្រើន​តែ​បណ្តាល​មក​ពី​ការ​បាក់បែក​ឆ្អឹងខ្នង ហើយ​បង្ក​ជា​ការ​ឈឺចាប់​ខ្លាំង​។ នេះ​ដោយសារ​តែ​ការ​បាក់បែក​ឆ្អឹង​កង​ខ្នង​ធ្វើ​ឲ្យ​សង្កត់​ដល់​សរសៃប្រសាទ​។ រោគ​សញ្ញា​របស់​វា​អាច​មាន​លក្ខណៈ​ចាប់ពី តឹង​ឈឺ​នៅ​ខ្នង​រហូត​ដល់​ឈឺចាប់​ខ្លាំង តែ​វា​អាច​ស្រក​ស្រាន្ត​ទៅ​វិញ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​។ ការ​ឈឺចាប់​អាច​នឹង​ធ្ងន់​ទៅ​ៗ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រាង​កាយ​ដែល​ដាក់​សម្ពាធ​ទៅ​លើ​កន្លែង​ដែឡ​មាន​បញ្ហា ហើយ​បង្ក​ឈឺចាប់​រហូត​ដល់ ៣​ខែ​ក្រោយ​ទៀត​ឯណោះ​។

បាក់ឆ្អឹង
នេះ​គឺជា​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ឆ្អឹង​ដែល​ផុត ឬ​បាក់​ដោយសារ​តែ​ជំងឺ​ពុក​ឆ្អឹង​។ ជា​ធម្មតា មនុស្ស​ម្នាក់​នឹង​ដឹង​ថា គេ​មាន​ជំងឺ​ពុក​ឆ្អឹង​ក្រោយ​ពី​ជួប​បញ្ហា​បាក់ឆ្អឹង​កង​ខ្នង សន្លាក់​ត្រគាក កំភួនដៃ​ជាដើម​។ ក្រៅពី​នេះ គ្រាន់តែ​ដួល​បន្តិច​ក៏​អាច​បង្ក​ជា​ការ​បាក់ឆ្អឹង​បាន​ដែរ​។

កោង​ខ្នង
ករណី​ខ្លះ ការ​បាក់បែក​ឆ្អឹង​នៅ​តំបន់​ឆ្អឹង​កង​ខ្នង​បណ្តាល​មក​ពី​ជំងឺ​ពុក​ឆ្អឹង និង​ធ្វើ​ឲ្យ​អ្នកជំងឺ​ទៅ​ជា​កោង​ខ្នង រហូត​ដល់​ស្រុញ​កំពស់​ផង​ដែរ​។ អាកា​រៈ​បែប​នេះ​ច្រើន​តែ​មិន​បង្ក​ជា​ការ​ឈឺចាប់​អ្វី​ទេ ប៉ុន្តែ​ការ​ស្រុញ​កម្ពស់​គឺជា​រឿង​អាកា​រៈ​បញ្ជាក់​ច្បាស់​ថា​មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង