រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ជាសះស្បើយចំនួន៧នាក់ ខណៈគ្មានអ្នកឆ្លងថ្មីឡើយ ។




ក្រសួងបន្តថា ករណីជាសះស្បើយអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ០៧នាក់ ដែលមានដូចជា ៖ ករណីជាសះស្បើយចំនួន ០៥នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាគឺ
១- កុមារាជនជាតិខ្មែរ អាយុ ១២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ រាជធានី ភ្នំពេញ ជាកូនប្រុសស្ត្រីអាយុ៣៦ឆ្នាំ និងជាចៅប្រុសរបស់ឯកឧត្តមអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ។
២- បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យឯកឧត្តមអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ។




៣-បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាជំនួយការរបស់ឯកឧត្តមអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។
៤-ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
៥- បុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ។




ក្រសួងក៏បានឲ្យដឹងថាចំពោះ ករណីជាសះស្បើយចំនួន០២នាក់ ដែលជាអ្នកមិនពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺ ៖
ស្ត្រីជនជាតិខ្មែរអាមេរិកកាំងអាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
បុរសជនជាតិអាមេរិកកាំង អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ក្រសួងបានឲ្យដឹងថា អ្នកដែលជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលមានសរុបចំនួន៤៣នាក់ ស្រី១៩នាក់បុរស២៥នាក់ ។ អ្នកព្យាបាលជាសះស្បើយមានចំនួន៣១៩នាក់ ក្នុងចំណោមអ្នកមានជំងឺកូវីដ១៩សរុបចំនួន៣៦២នាក់ផងដែរ ៕