កាលពីថ្ងៃមុន ខ្ញុំបានបង្ហាញរួចទៅហើយទៅលើមូលហេតុនៃដែលនាំឲ្យរមាស់ស្បែកនៅពេលយប់។ ដូច្នេះនៅពេលដឹងមូលហេតុរបស់វាហើយ តើគួរតែធ្វើបែបណាដើម្បីព្យាបាលវាកុំឲ្យកើតឡើងទៀត? ទោះបីជាយ៉ាងណាក៏ដោយ មានមូលហេតុជំងឺមួយចំនួនដែរ ដែលអាចធ្វើឲ្យរមាស់ស្បែកនៅពេលយប់ដូចជា៖

  • ជំងឺស្រែង និងតាអក
  • ជំងឺមហារីកស្បែក មហារីកគ្រាប់ឈាម និងមហារីកកូនកណ្តុរ
  • ជំងឺថ្លើម និងខ្សោយតម្រងនោម
  • ជំងឺក្រពេញទីរ៉ូអ៊ីតបញ្ចេញអ័រម៉ូនច្រើនពេក
  • អ្វីដែលប៉ះពាល់ទៅលើប្រព័ន្ធសរសៃប្រសាទដូចជា ជំងឺទឹកនោមផ្អែម និងជំងឺក្រិនច្រើនកន្លែង
  • ការបាក់ទឹកចិត្ត ឬថប់អារម្មណ៍ធ្ងន់ធ្ងរ

ដោយសារតែមានរឿងខុសៗគ្នាច្រើនដែលអាចធ្វើឲ្យរមាស់ស្បែកនៅពេលយប់ ដូច្នេះការព្យាបាលក៏អាចប្រែប្រួលច្រើនដែរ។ ការយល់ដឹងអំពីមូលហេតុរបស់វាគឺជារឿងសំខាន់ដើម្បីងាយស្រួលក្នុងការព្យាបាល។ ខាងក្រោមនេះគឺជាវិធីព្យាបាលដោយខ្លួនឯងមួយចំនួនដែលអ្នកអាចធ្វើបានគ្រប់ពេលដែលមានអារម្មណ៍រមាស់ស្បែកនៅពេលយប់៖

ចៀសវាងការងូតទឹកក្តៅ

ចូរជ្រើសរើសការងូតទឹកក្តៅឧណ្ហៗ និងងូតទឹកឲ្យបានលឿន។ ក្រៅពីនេះ ចូរកុំប្រើសាប៊ូដុំដែលមានក្លិនក្រអូប និងការកាត់ខ្លាំង។ 

ប្រើក្រែមផ្តល់សំណើម

ចូរប្រាកដថា ស្បែកអ្នកមានជាតិទឹកគ្រប់គ្រាន់ដោយសារតែ ស្បែកស្ងួតអាចធ្វើឲ្យរមាស់បាន។ ជាមួយគ្នានេះដែរ ចូរកុំភ្លេចញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ផង។ 

ដំឡើងឧបករណ៍ផ្តល់សំណើមក្នុងបន្ទប់

ចូរពិនិត្យផងថាតើបន្ទប់របស់អ្នកមានខ្យល់ចេញចូលដែលស្ងួតឬអត់។ រឿងមួយដែលអ្នកអាចធ្វើបានដើម្បីផ្តល់សំណើមដល់បន្ទប់គេង គឺត្រូវដំឡើងម៉ាស៊ីនផ្តល់ខ្យល់មានសំណើមបន្ថែម។ 

បន្ថយស្រ្តេស

ស្រ្តេសរ៉ាំរ៉ៃអាចធ្វើឲ្យអ័រម៉ូនប្រែប្រួលច្រើន ហើយការរមាស់ស្បែកនៅពេលយប់ក៏ជារឿងមួយក្នុងរឿងនេះដែរ។ ដូច្នេះចូរព្យាយាមធ្វើយ៉ាងណាដើម្បីបន្ថយស្រ្តេសឲ្យបានច្រើនបន្តិចផងទៅ។ 

ប្រើកង្ហារ

ការកាត់បន្ថយការបែកញើសក៏អាចជួយដោះស្រាយបានដែរ ដូច្នេះចូរប្រើកង្ហារដើម្បីជួយរឿងនេះទៅ។ វាក៏ជួយផ្តល់ជាខ្យល់សរដែលអាចជួយឲ្យគេងលក់ថែមទៀតផង៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង