រាជធានីភ្នំពេញ ៖ ដោយសារមានការសាកសួរច្រើនលើកពីករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតចុះពីជាន់ទី៥ មក ទើបលោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំសូមជម្រាប ជូនសាធារណជនឱ្យបានជ្រាបថា បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដែលបច្ចុប្បន្នបានដឹងខ្លួន និងនិយាយបាន ខ្លះៗ ហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ ។
លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺ «គាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់មកពីឥទ្ធិពលនៃការប្រើប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើ បញ្ហាជំពាក់លុយគេច្រើន ដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ ។
ការធ្វើតេស្តទឹកនោមគាត់ គឺឃើញមានសារធាតុញៀន ប្រភេទអំហ្វេតាមីន ។ គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្តនៅសណ្ឋាគារឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ ។ ដូច្នេះជារឿងផ្ទាល់ខ្លួនគាត់មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ–១៩ នោះឡើយ ៕