ការទទួលទានភេសជ្ជៈប៉ូវកម្លាំង ត្រឹមតែពីរកំប៉ុងក្នុងមួយថ្ងៃ ក៏អាចធ្វើឲ្យសុខភាពរបស់អ្នក មានបញ្ហាបានដែរ … នេះជាសារព្រមានថ្មីមួយទៀត សម្រាប់ពលរដ្ឋទូទៅ។
ភេសជ្ជៈប្រភេទនេះ មានដាក់ជាតិស្ករ និងកាហ្វេអ៊ីនយ៉ាងច្រើន ដែលវាអាចធ្វើឲ្យ ចង្វាក់បេះដូងលោតខុសពីធម្មតា ហើយសម្ពាធឈាម ក៏កើនឡើងទៅតាមនោះដែរ។
កត្តានេះ វានឹងធ្វើឲ្យអ្នក ប្រឈមមុខនឹង ជំងឺដាច់សរសៃឈាមខួរក្បាល ឬស្លាប់ភ្លាមៗ ដោយសារគាំងបេះដូង (ហើយផលប៉ះពាល់បែបនេះ អាចនឹងកើតឡើង ក្រោយពេលអ្នកញ៉ាំវាបានពីរបីម៉ោង)។
អ្នកវិទ្យាសាស្រ្តមកពី សាកលវិទ្យាល័យប៉ាស៊ីហ្វិច (Pacific) និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ដេវីដ ហ្រ្គែន (David Grant) ក្នុងរដ្ឋកាលីហ្វញ៉ាំ បានព្រមានថា ភេសជ្ជៈប៉ូវកម្លាំង អាចជាប់ទាក់ទងទៅនឹងការស្លាប់ភ្លាមៗ ចំនួន ៣៤ ករណីឡើងទៅ នៅក្នុងឆ្នាំ ២០១៤។
សាស្រ្តាចារ្យរងផ្នែកឱសថសាស្រ្ត មកពីសាកលវិទ្យាល័យប៉ាស៊ីហ្វិច (Pacific) បាននិយាយថា ៖ ការសិក្សារបស់យើង បានបង្ហាញថា ភេសជ្ជៈប៉ូវកម្លាំងមួយចំនួន នឹងបង្កើនឱកាស នៃការកើតជំងឺផ្សេងៗ ជាពិសេស បញ្ហាបេះដូង នៅពេលដែលអ្នកទទួលទានវាច្រើនពេក។ ខណៈពេលដែលយើង កំពុងតែសិក្សាបន្ត អ្នកចូលចិត្តភេសជ្ជៈទាំងនេះ គួរតែមានការប្រុងប្រយ័ត្ន និងហាត់ប្រាណឲ្យបានទៀងទាត់”៕