នៅស្រុកយើងក៏មិនខុសគ្នានឹងស្រុកគេដែរតែងតែនិយាយថា ឲ្យតែញ៉ាំគ្រឿងស្រវឹង គឺមិនដែលមានប្រយោជន៍អ្វីទេ ក្រៅពីបង្កអំពើហិង្សាក្នុងក្រុមគ្រួសារ។ ត្រង់ចំណុចនេះ ខ្ញុំទទួលស្គាល់ថាវាអ៊ីចឹងមែន នេះដោយសារតែជាការញ៉ាំក្នុងកម្រិតមួយច្រើនៗ។ ប៉ុន្តែបើសិនជាអ្នកទទួលទានក្នុងកម្រិតតិចតួច ឬមធ្យម វាពិតជាមិនមានបញ្ហានេះកើតឡើងទេ។ កម្រិតគ្រឿងស្រវឹងដែលញ៉ាំក្នុងលក្ខណៈមួយផ្តល់សុខភាពគឺ មួយយូនីតសម្រាប់ស្រ្តី (ស្រាអាចបាន ១៤៩មីលីលីត្រ ស្រាបៀរអាចបាន ៣៥៤មីលីលីត្រ ឬស្រាខ្លាំង ឬស្រាគោញាក់អាចបាន ៤៤.៣៦មីលីលី) ក្នុងមួយថ្ងៃ និងបុរសអាចបាន ពីរយូនីត្រក្នុងមួយថ្ងៃ។ កាលណាអ្នកទទួលទានត្រឹមចំនួនប៉ុណ្ណេះ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
ជួយដល់បេះដូង
បើសិនជាអ្នកមានរូបរាងសមសួនហើយ ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចធ្វើឲ្យអ្នកបន្ថយការប្រឈមនឹងជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ឬក្រិនរឹងសរសៃឈាមអាក់ទែពី ២៥ ទៅ ៤០ភាគរយ។ រឿងនេះអាចដោយសារតែ ចំនួនគ្រឿងស្រវឹងតិចតួចអាចបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងឈាម។ ប៉ុន្តែបើញ៉ាំច្រើនពេក វានឹងប្រឈមខ្ពស់នឹងជំងឺបេះដូងវិញ។
ធ្វើឲ្យអ្នកមានភាពសកម្មកាន់តែច្រើន
អ្នកញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមទំនងជាងាយនឹងហាត់ប្រាណច្រើនជាងអ្នកដែលមិនញ៉ាំសោះ។ ហើយពួកគេប្រហែលជាទទួលបានឥទ្ធិពលផ្តល់សុខភាពពីរឿងនេះកាន់តែច្រើន។ ម៉្យាងវិញទៀត កាលណាអ្នកហាត់ប្រាណកាន់តែច្រើន អ្នកក៏ទំនងជាចង់ញ៉ាំគ្រឿងស្រវឹងដែរ។ អ្នកវិទ្យាសាស្រ្តមិនបានដឹងច្បាស់ថាតើរឿងនេះមានទំនាក់ទំនងគ្នាដូចម្តេចឡើយ។
បង្ការជំងឺគ្រួសក្នុងតម្រងនោម
អ្នកញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមជាទៀងទាត់គឺមិនងាយនឹងមានជំងឺគ្រួសក្នុងតម្រងនោមទេ ដោយក្នុងនោះបន្ថយបាន ៤១ភាគរយសម្រាប់អ្នកញ៉ាំស្រាបៀរ និង៣៣ភាគរយសម្រាប់អ្នកញ៉ាំស្រា។ គ្រឿងស្រវឹងមិនដូចជាតិកាហ្វេអ៊ីនក្នុងកាហ្វេ និងតែទេ គឺវាតែងធ្វើឲ្យអ្នកនោមជាញឹកញាប់។ រឿងនេះនឹងជួយដុសខាត់គ្រួសដែលបម្រុងនឹងកើតកាន់តែតូចទៅៗ។ ប៉ុន្តែការដែលញ៉ាំច្រើនពេក អាចធ្វើឲ្យខ្សោះជាតិទឹក ហើយក៏ប្រឈមខ្ពស់នឹងគ្រួសក្នុងតម្រងនោម ជាមួយគ្នានឹងបញ្ហាសុខភាពផ្សេងៗទៀតដែរ។
បង្កើតទំនាក់ទំនងកាន់តែច្រើន
មិត្តល្អគឺល្អសម្រាប់អ្នក។ អ្នកដែលញ៉ាំគ្រឿងស្រវឹងមួយកំប៉ុងពីរជាមួយគ្នា ទំនងជាចំណាយពេលច្រើនក្នុងការនិយាយគ្នា។ ពួកគេក៏ទំនងជាចែករំលែកស្នាមញញឹមជាមួយគ្នា និងរក្សាការជជែកគ្នាកាន់តែច្រើនផងដែរ។ ប៉ុន្តែចូរកុំធ្វើរឿងនេះច្រើនពេកអី។
បង្កើនសុខភាពផ្លូវភេទ
ភាពស្និទ្ធស្នាលនឹងជួយដោះស្រាយភាពស្រ្តេស ហើយការញ៉ាំគ្រឿងស្រវឹងតិចតួចប្រហែលជាជួយឲ្យរឿងនេះកើតឡើងបានយ៉ាងស្រួលដែរ។ ការសិក្សាមួយបានបង្ហាញថា ស្រ្តីដែលញ៉ាំស្រាក្រហមមួយកែវពីរក្នុងមួយថ្ងៃនិយាយថា ពួកគេមានចំណង់ផ្លូវភេទ ភាពស្រើបស្រាលខាងផ្លូវភេទ និងរីករាយខាងផ្លូវភេទខ្លាំងជាងអ្នកដែលមិនបានញ៉ាំ។
ជួយខួរក្បាល
ការញ៉ាំគ្រឿងស្រវឹងមួយកំប៉ុងពីរ ចំនួនពីរបីដងក្នុងមួយសប្តាហ៍ប្រហែលជាធ្វើឲ្យអ្នកមិនងាយកើតជំងឺភ្លេចភ្លាំងពេលចាស់ជរាបាន។ វាក៏ជួយបន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងដែរ។
រក្សាតុល្យភាពជាតិស្ករក្នុងឈាម
ស្រាក្រឡុក ឬស្រាធម្មតាសម្រាប់ជាមួយអាហារពេលយប់ប្រហែលជាអាចធ្វើឲ្យអ្នកមិនងាយកើតជំងឺទឹកនោមផ្អែមប្រភេទទី២ឡើយ។ អ្នកវិទ្យាសាស្រ្តជាច្រើនមិនបានប្រាកដថា មូលហេតុរបស់វាជាអ្វីឡើយ ប៉ុន្តែវាប្រហែលជាអាចនិយាយបានថា ការញ៉ាំស្រាបៀរមួយកំប៉ុងពីរអាចជួយរាងកាយដោះស្រាយការឡើងខ្ពស់របស់ជាតិស្ករក្នុងឈាមបានតាមរបៀបផ្តល់សុខភាព៕