ជំងឺរលាកស្រោមខួរក្បាលគឺជាជំងឺដែលកម្រ តែជាជំងឺធ្ងន់ ដែលវាត្រូវបានគេរកឃើញថាបានសម្លាប់ប្រជាជនកម្ពុជាយើងច្រើនណាស់ដោយសារតែខ្វះការយល់ដឹងអំពីជំងឺនេះ ដូច្នេះយកល្អគួរតែស្វែងយល់កាន់តែច្បាស់អំពីរោគសញ្ញារបស់វា។ ចូរមានការប្រុងប្រយ័ត្នឲ្យមែនទែនទៅលើអាការៈខាងក្រោមនេះចំពោះខ្លួនឯង ឬសមាជិកក្នុងក្រុមគ្រួសារអ្នក៖

  • ការរឹងករដែលពេលខ្លះធ្វើឲ្យពិបាកក្នុងការអោនចង្កាមកប៉ះទ្រូងណាស់
  • ឈឺក្បាលដែលវាអាចធ្ងន់ធ្ងរភ្លាមៗ
  • ក្តៅខ្លួនខ្លាំង
  • វង្វេងវង្វាន់
  • ចង្អោ ឬក្អួត
  • ខ្លាចពន្លឺខ្លាំងៗ
  • ងងុយគេង
  • ប្រកាច់
  • ឡើងកន្ទួលលើស្បែក

ពេលខ្លះអាការៈទាំងនេះកើតឡើងក្រោយពីជំងឺដូចផ្តាសាយ ការបង្ករោគនៅត្រចៀក ឬការបង្ករោគក្នុងប្រហោងឆ្អឹងនៅមុខ។ 

បើសិនជាកូនអ្នកនៅតូចពេកមិនអាចនិយាយអ្វីបាន អ្នកប្រហែលជាគួរយកចិត្តទុកដាក់ទៅលើអាការៈទាំងអស់ដូចខាងក្រោមនេះ៖

  • ក្តៅខ្លួន
  • សកម្មភាពដែលធ្លាប់តែធ្វើរាល់ដល់ស្រាប់តែកើតឡើងយឺតៗខុសពីធម្មតា
  • យំច្រើន
  • ពិបាកបៅ
  • ឡើងកន្ទួលពណ៌ក្រហម ឬស្វាយនៅលើស្បែក
  • យំពេលប៉ះ
  • ខ្នងកោង

គួរបញ្ជាក់ថា រោគសញ្ញារបស់ជំងឺរលាកស្រោមខួរក្បាលមានការប្រែប្រួលលឿនខ្លាំងណាស់។ រោគសញ្ញានៃជំងឺរលាកស្រោមខួរក្បាលដោយសារតែបាក់តេរីកើតឡើងលឿន ជាធម្មតាក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ករណីរលាកស្រោមខួរក្បាលបង្កឡើងដោយវីរុសវិញ រោគសញ្ញាអាចកើតឡើងនៅរយៈពេលច្រើនថ្ងៃក្រោយ។ 

ពេលដែលត្រូវទៅជួបពេទ្យ

ក្មេង ឬមនុស្សធំដែលមានជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយបាក់តេរី (ប្រភេទដែលធ្ងន់ធ្ងរបំផុត) ច្រើនតែធ្លាក់ខ្លួនឈឺធ្ងន់ខ្លាំង។ ទោះបីជាឱកាសកើតជំងឺរលាកស្រោមខួរក្បាលមានតិចតួចក៏ដោយ អ្នកក៏គួរតែធ្វើអ្វីៗដោយប្រុងប្រយ័ត្នដែរ។ បើសិណជាអ្នក ឬក្រុមគ្រួសារប៉ះពាល់ជាមួយអ្នកកើតជំងឺរលាកស្រោមខួរក្បាល ឬសម្គាល់ឃើញរោគសញ្ញានៃជំងឺនេះហើយ ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។ បើសិនជារោគសញ្ញាទៅជាធ្ងន់ធ្ងរ ចូរបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យភ្លាម។ ការព្យាបាលជំងឺរលាកស្រោមខួរក្បាលបានលឿនអាចធ្វើឲ្យមានភាពខុសគ្នាច្រើនចំពោះលទ្ធផលនានា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង