បើយើងនិយាយផ្ទុយអំពីជំនឿពេលបច្ចុប្បន្ន ការបាក់ទឹកចិត្តមិនគ្រាន់តែប៉ះពាល់ដល់អារម្មណ៍នោះទេ។ អ្នកជំនាញខាងសុខភាពផ្លូវចិត្តនិយាយថា វាគឺជារឿងដែលអាចបង្កផលប៉ះពាល់ច្រើនដល់រាងកាយផងដែរ។ បើសិនជាអ្នកចង់ដឹងថា ការបាក់ទឹកចិត្តអាចប៉ះពាល់អ្វីខ្លះដល់រាងកាយមនុស្សយើងនោះ យកល្អគួរតែតាមដានដូចខាងក្រោមនេះ៖
ឡើងទម្ងន់
វាគឺជារឿងមួយដែលទំនងណាស់ដែលអ្នកជំងឺបាក់ទឹកចិត្តក្លាយទៅជាអ្នកញ៉ាំច្រើនៗ ជាពិសេសអាហារដែលមិនផ្តល់សុខភាពដូចជា ការ៉េម និងនំខេក ដើម្បីធ្វើឲ្យខ្លួនឯងមានផាសុកភាព និងរីករាយឡើងវិញ។ ដោយសារតែរឿងនេះហើយ ទើបយើងអាចនិយាយថា មនុស្សធាត់ៗច្រើនតែអាចមានជំងឺបាក់ទឹកចិត្ត។ ប៉ុន្តែវាមិនមែនទាំងអស់ឡើយ។
ស្រកទម្ងន់
ម៉្យាងវិញទៀត អ្នកដែលមានជំងឺបាក់ទឹកចិត្តក៏ប្រហែលជាស្រកទម្ងន់ច្រើនផងដែរ។ រឿងនេះអាចដោយសារតែ រូបគេលែងចាប់អារម្មណ៍រឿងជាច្រើនដែលពួកគេធ្លាប់តែចូលចិត្ត ដោយរួមទាំងការញ៉ាំអាហារផងដែរ។ គ្រូពេទ្យនិយាយថា ការស្រកទម្ងន់ខ្លាំងអាចធ្វើឲ្យមានបញ្ហាផ្សេងៗជាច្រើនដូចជា ការអស់កម្លាំង មិនអាចមានកូនបាន និងជំងឺបេះដូងផង។
ជំងឺបេះដូង
និយាយដល់បញ្ហាទាក់ទងនឹងបេះដូង គ្រូពេទ្យនិយាយថា អ្នកដែលមានជំងឺបាក់ទឹកចិត្តហើយ គឺប្រឈមកាន់តែខ្ពស់នឹងការលើសសម្ពាធឈាម ជំងឺបេះដូង គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលនៅថ្ងៃណាមួយ។ រឿងនេះដោយសារតែពួកគេជ្រើសរើសរបបអាហារមិនផ្តល់សុខភាព ហើយកង្វះការហាត់ប្រាណទៀត។
គេងមិនលក់
ផលវិបាកមួយញឹកញាប់បំផុតនៃការបាក់ទឹកចិត្តគឺការគេងមិនលក់ ដែលវាជារឿងកើតឡើងភាគច្រើនតែម្តង។ អ្នកដែលមានអារម្មណ៍បាក់ទឹកចិត្តប្រហែលជាពិបាកគេងលក់ស្រួលនៅពេលយប់ណាស់ ហើយក៏ងាយនឹងគេងមិនគ្រប់គ្រាន់ រហូតដល់មានអារម្មណ៍បាក់ទឹកចិត្តនៅថ្ងៃបន្ទាប់ទៀត។
ការរលាករ៉ាំរ៉ៃ
យោងទៅតាមអ្នកជំនាញខាងផ្លូវចិត្តបានឲ្យដឹងថា អ្នកដែលកំពុងតែព្យាបាលការបាក់ទឹកចិត្តប្រហែលជាមានការរលាករ៉ាំរ៉ៃ ដែលជាហេតុនាំឲ្យមានបញ្ហាសុខភាពជាច្រើនទៀត។ ជំងឺទឹកនោមផ្អែមប្រភេទទី២ ការរលាកសន្លាក់ ជំងឺពុកឆ្អឹង ចង្កោមរោគសញ្ញានៃការរលាកពោះវៀន សុទ្ធតែជារឿងធ្វើឲ្យររលាកក្នុងរាងកាយបានទាំងអស់។ យ៉ាងណាមិញ អ្នកជំនាញមួយចំនួនក៏មិនប្រាកដថា តើការបាក់ទឹកចិត្តធ្វើឲ្យមានកររលាករ៉ាំរ៉ៃ ឬការរលាករ៉ាំរ៉ៃធ្វើឲ្យមនុស្សប្រឈមនឹងការបាក់ទឹកចិត្តឬអត់ដែរ។
បញ្ហារំលាយអាហារ
បញ្ហានៅប្រព័ន្ធរំលាយអាហារក៏អាចកើតឡើងលើអ្នកជំងឺបាក់ទឹកចិត្តដែរ។ អ្នកខ្លះមានបញ្ហាចង្អោ ក្អួត ក្រពះមិនកិនល្អ ទល់លាមក និងរាករូស។ អ្នកជំនាញនិយាយថា រឿងនេះទំនងជាបង្កឡើងដោយការឆ្លើយតបនៃរាងកាយចំពោះការបាក់ទឹកចិត្ត និងស្រ្តេសតែម្តង។
ការឈឺចាប់
វាគឺជារឿងដែលអាចនឹងកើតឡើងបំផុតសម្រាប់អ្នកមានជំងឺបាក់ទឹកចិត្តមានការឈឺចាប់ច្រើនប្រភេទ ហើយការឈឺចាប់ទាំងនោះគឺមិនអាចឲ្យគ្រូពេទ្យពន្យល់បានថា មកពីអ្វីឡើយ។ ការឈឺក្បាល ឈឺសន្លាក់ និងឈឺក្នុងសុដន់ គឺជារឿងមួយចំនួនដែលកើតឡើងលើអ្នកជំងឺបាក់ទឹកចិត្តជាញឹកញាប់៕