ការស្រាវជ្រាវបន្ថែមបានរកឃើញថា ថ្នាំគ្រាប់ និងវីតាមីន ទំនងជាមិនជួយបង្កើនសុខភាពបេះដូងនោះទេ។
ការសិក្សាថ្មីមួយស្តីពីវីតាមីនចម្រុះ និងសុខភាពបេះដូង បានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពួកគេមិនបានធ្វើអ្វីច្រើន ដើម្បីការពារជំងឺសរសៃឈាមបេះដូង។
របាយការណ៍នេះគឺជាការវិភាគទៅលើការសិក្សាស្រាវជ្រាវពីមុនៗ។ គេបានមើលលើការសិក្សាចំនួន ១៨ ដែលមានរយៈពេលច្រើនជាង ១៦ ឆ្នាំ។ សរុបទាំងអស់មនុស្សប្រហែល ២ លាននាក់បានចូលរួម។ នៅក្នុងការសិក្សាខ្លះ អ្នកចូលរួមត្រូវបានគេតាមដានអស់រយៈពេលរហូតដល់ទៅ ១២ ឆ្នាំ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Alabama បានចេញផ្សាយរបាយការណ៍របស់ពួកគេនៅក្នុងសារព័ត៌មាន Circulation: Quality Cardiovascular and Outcomes ។ អ្នកស្រាវជ្រាវបាននិយាយថា របាយការណ៍របស់ពួកគេបានបញ្ជាក់អំពីការរកឃើញពីមុនលើតួនាទីរបស់វីតាមីនក្នុងការកែលម្អសុខភាពបេះដូង។
តើនរណាត្រូវការវីតាមីនចម្រុះ?
គំនិតទូទៅដែលថាថ្នាំវីតាមីនចម្រុះ និងវីតាមីនបន្ថែម មានអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក គឺមិនខុសទេ។ ឧទាហរណ៍ ស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សពេញវ័យមួយចំនួន ដូចជាមនុស្សដែលមានជំងឺមហារីក គួរតែញ៉ាំថ្នាំវីតាមីនមួយចំនួនតាមវេជ្ជបញ្ជា។ បញ្ហានៅទីនេះគឺថា តើវីតាមីនចម្រុះអាចបន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានដែរឬទេ?
វេជ្ជបណ្ឌិត ជុនសឺក គីម (Joonseok Kim) ជាជំនួយការសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ និងជំងឺបេះដូងនៅសាកលវិទ្យាល័យ Alabama ក្នុងទីក្រុង Birmingham បាននិយាយថា “ខ្ញុំសង្ឃឹមថាការស្រាវជ្រាវរបស់យើងអាចជួយកាត់បន្ថយការប្រើប្រាស់វីតាមីនចម្រុះ និងវីតាមីនបន្ថែមហួសកម្រិត និងលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នាប្រើវិធីសាស្ត្រដែលមានប្រសិទ្ធភាព ដើម្បីបន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងវិញ”។
ដូច្នេះ តើអ្នកគួរធ្វើអ្វីខ្លះ ដើម្បីរក្សាសុខភាព?
នេះជាការការពារដ៏ល្អបំផុត សម្រាប់សុខភាពបេះដូងល្អ ដែលវាគឺជារបៀបរស់នៅដែលមានសុខភាពល្អ នេះបើយោងតាមវេជ្ជបណ្ឌិត Stephan Kopecky ជាអ្នកឯកទេសខាងជំងឺបេះដូងនៅឯគ្លីនិច Mayo នៅ Rochester, Minnesota ។ នោះគឺរួមបញ្ចូលទាំងការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ការគេងគ្រប់គ្រាន់ និងរបបអាហារដែលពឹងផ្អែកលើផ្លែឈើ និងបន្លែ៕