ឧស្សាហ៍គេងមិនលក់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើពិបាកគេងលក់អ្នកគួរបញ្ឈប់ការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុងមានជាតិហ្គាស រួមទាំងអាហារភេសជ្ជៈផ្សេងទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីនក៏ដូចជាមានផ្ទុកជាតិអាស៊ីត អាហារហឹរដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ជាពិសេសកំឡុងពេលល្ងាច ឬមុនពេលចូលគេង។ ទោះជាយ៉ាងណា ក៏នៅមានអាហារមួយចំនួនដែលអ្នកគួរទទួលទានជាប្រចាំប្រសិនបើអ្នកចង់គេងលក់បានស្រួលរាល់យប់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីជៀសផុតពីបញ្ហាពិបាកគេងលក់ ឬជំងឺគេងមិនលក់ ៖
១. ផ្លែបឺរ
ក្រៅពីជាប្រភពដ៏ល្អបំផុតមួយនៃជាតិម៉ាញ៉េស្យូមហើយនោះ ផ្លែបឺរក៏មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អនិងវីតាមីន B ដែលជួយកាត់បន្ថយបញ្ហាថប់បារម្ភជួយឱ្យឆាប់គេងលក់ផងដែរ។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាផលវិបាកនៃការថប់បារម្ភ គឺគេងមិនលក់។
២. ដំឡូងផ្អែម
ធ្លាប់ដឹងទេថាការទទួលទានដំឡូងផ្អែមល្អសម្រាប់អ្នកគេងមិនលក់? នោះក៏តែព្រោះដំឡូងផ្អែមមានផ្ទុកជាតិប៉ូតាស្យូមដែលមិនត្រឹមតែជួយបញ្ចុះសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រួលដល់សាច់ដុំធ្វើឱ្យគេងឆាប់លក់ទៀតផង។ សារធាតុកាបូអ៊ីដ្រាតស្មុគស្មាញក្នុងដំឡូងផ្អែមក៏មានប្រសិទ្ធិភាពជួយឱ្យឆាប់គេងលក់ផងដែរ។
៣. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយដល់ការគ្រប់គ្រងអារម្មណ៍ប្រសើរសម្រាប់អ្នកឧស្សាហ៍គេងមិនលក់។ លើសពីនេះទៅទៀត គ្រាប់ធញ្ញជាតិ ជាប្រភពនៃសារធាតុមេឡាតូនីន ជួយជម្រុញការគេងលក់។
៤. ទទឹម
មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមសម្រួលសាច់ដុំ បង្កើនអារម្មណ៍ល្អប្រសើរ និងជម្រុញការផលិតសារធាតុ GABA ក្នុងខួរក្បាលជួយឱ្យគេងលក់ស្រួលឆាប់រហ័ស
៥. ផ្លែចេក
ការទទួលទានផ្លែចេកជាប្រចាំមិនត្រឹមតែជួយឱ្យគេងលក់បានស្រួលប៉ុណ្ណោះទេ ប៉ុន្តែល្អចំពោះសុខភាពរាងកាយទាំងមូលតែម្ដង។ ផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមជួយបញ្ចុះសម្ពាធឈាម និងសម្រួលសាច់ដុំធ្វើឱ្យឆាប់គេងលក់។ ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរជាតិម៉ាញ៉េស្យូមដែលជួយសម្រួលដល់អារម្មណ៍ និងរាងកាយល្អណាស់សម្រាប់អ្នកដែលមានបញ្ហាស្ត្រេស និងថប់បារម្ភ។
៦. ផ្លែគីវី
ជាប្រភពដ៏ប្រសើរនៃសារធាតុ phytochemicals ដែលមានប្រសិទ្ធភាពជួយឱ្យឆាប់គេងលក់ ហើយគេងលក់បានស្កប់ថែមទៀត៕