បញ្ហាគួរឲ្យព្រួយបារម្ភបំផុតមួយនៃសម្ពាធឈាមឡើងខ្ពស់ គឺវាអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺសាហាវៗជាច្រើន រួមទាំងជំងឺខ្សោយតម្រងនោមឋ​​ ដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺទាក់ទឹងនឹងក្រពេញលើតម្រងនោម ជំងឺតម្រងនោម ថ្នាំបំបាត់ការឈឺចាប់ ថ្នាំពន្យារកំណើត ស្ត្រេស មិនសូវហាត់ប្រាណ ទទួលទានអាហារមានជាតិប្រៃ ឬអំបិលច្រើន ទទួលទានគ្រឿងស្រវឹងលើសកម្រិត កត្តាហ្សែន និងជំងឺធាត់ជ្រុលសុទ្ធតែជាមូលហេតុដែលបង្កអោយកើតមានបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះដើម្បីសុខភាពល្អប្រសើរនិងជៀសផុតពីផលវិបាកសុខភាពធ្ងន់ធ្ងរ វាជារឿងសំខាន់ណាស់ដែលយើងត្រូវរក្សាសម្ពាធឈាមក្នុងកម្រិតត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សា ឬបញ្ចុះសម្ពាធឈាមក្នុងកម្រិតប្រក្រតី ៖

១. ទឹកម្នាស់ស្រស់

ទឹកផ្លែម្នាស់ស្រស់ជាប្រភពដ៏ល្អនៃជាតិប៉ូតាស្យូមជួយបញ្ចុះសម្ពាធឈាមដោយកម្ចាត់នូវជាតិសូដ្យូមដែលលើសក្នុងឈាមនិងសម្រួលដល់សសៃឈាម។ ទឹកផ្លែម្នាស់ស្រស់ក៏ជួយទប់ស្កាត់ដោះស្រាយបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ផងដែរ។

២. ទឹកក្រូចស្រស់

សារធាតុ Hesperidin ដែលមានផ្ទុកនៅក្នុងទឹកក្រូចស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានទឹកក្រូចច្របាច់ស្រស់ទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាម។

៣. ទឹកមើមឆៃថាវក្រហម

ចូរបន្ថែមទឹកមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើអ្នកចង់បញ្ចុះសម្ពាធឈាមតាមបែបធម្មជាតិ។ ប្រសិទ្ធភាព​ជួយបញ្ចុះសម្ពាធឈាមនេះបាន​មក​ដោយសារ​មើម​ឆៃថាវ​ក្រហម​មាន​កម្រិត​សារធាតុ​នីត្រាត​ខ្ពស់។ ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​នីត្រាត​អាច​នាំ​ឱ្យ​មាន​ប្រតិកម្ម​គីមី​ជា​បន្តបន្ទាប់​ក្នុង​ឈាមដែល​បញ្ហា​នេះ​អាច​បង្កើន​បរិមាណ​អុក​ស៊ី​សែន​នៅ​កន្លែង​ដែល​រាង​កាយ​ខ្វះ។ លើសពីនេះទៅទៀតទឹកមើមឆៃថាវក្រហមក៏ជួយធ្វើអោយសសៃឈាមរីកធំ ហើយសម្ពាធឈាមនឹងថយចុះ។

៤. តែបៃតង

ភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាសុខភាពសសៃឈាមល្អប្រសើរ។ វាក៏មានលក្ខណៈសម្បត្តិកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ ហើយស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ គឺអ្វីមួយដែលអាចបង្កឱ្យសម្ពាធឈាមឡើងខ្ពស់។

៥. ទឹកដូង

នោះក៏ព្រោះតែភេសជ្ជៈធម្មជាតិនេះជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពជួយរក្សាគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាម។

៦. ទឹកផ្លែទទឹមស្រស់

ទទឹមជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹមសំខាន់ៗ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម anthocyanins និង polyphenols ដែលចាំបាច់សម្រាប់រក្សាសុខភាពទាំងមូល រួមទាំងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សសៃឈាមក្នុងខួរក្បាល៕

ប្រយ័ត្ន៖ ទោះជាយ៉ាងណា ភេសជ្ជៈមួយចំនួនខាងលើអាចបញ្ចុះសម្ពាធឈាមប្រកបដោយប្រសិទ្ធិភាពបានលុះត្រាតែអ្នកមានរបបអាហារត្រឹមត្រូវ និងតែងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។ ហើយដើម្បីជាការប្រសើរក៏កុំភ្លេចពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាមុន ប្រសិនបើអ្នកចង់ទទួលទានភេសជ្ជៈណាមួយ ខណៈពេលកំពុងប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម ក៏ព្រោះប្រសិនបើសម្ពាធឈាមធ្លាក់ចុះទាបពេក នោះវាក៏អាចបង្កគ្រោះថ្នាក់ចំពោះសុខភាពគួរឱ្យព្រួយបារម្ភដែរ!

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង