នរណាៗក៏ចង់បានស្បែករលោងស្រស់ថ្លាស្អាតដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកត្តាមួយចំនួនដូចជាពន្លឺព្រះអាទិត្យ ខ្យល់ពុល ភាពតានតឹងក្នុងអារម្មណ៍ និងរបបអាហារគ្មានសុខភាពល្អជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពស្បែក។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗដែលជួយបង្កើនភាពស្រស់ថ្លានៃស្បែក ៖
១. ប៊្លូបឺរី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនប៊្លូបឺរីមួយចំនួន រួចលាយជាមួយយ៉ាអួរសុទ្ធរហូតក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើមុខនិងទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
២. សំបកក្រូចក្រៀមនិងយ៉ាអួរ
អ្វីដែលអ្នកត្រូវការ គឺយ៉ាអួរសុទ្ធ ១ ស្លាបព្រាបាយ និងសំបកក្រូចចំនួនសមល្មម។
អ្វីដែលអ្នកត្រូវធ្វើ គឺយកសំបកក្រូចទៅហាលក្រោមកម្ដៅថ្ងៃសម្រាប់រយៈពេលពី ២ ទៅ ៣ថ្ងៃ រហូតដល់សំបកក្រូចប្រែជាក្រៀមស្ងួត ហើយស្រួយ។ យកសំបកក្រូចក្រៀមទៅកិនរហូតក្លាយជាម្ស៉ៅ សឹមលាយវា ១ ស្លាបព្រាបាយជាមួយយ៉ាអួរ ១ ស្លាបព្រាបាយដូចគ្នា។ កូរឱ្យសព្វរហូតដល់ក្លាយជាល្បាយខាប់ៗ។ លាងសម្អាតស្បែកឱ្យស្អាតសិន សឹមលាបល្បាយលើស្បែក ហើយទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តរាល់ថ្ងៃមុនពេលចូលគេង។ រូបមន្តនេះសាកសមសម្រាប់ស្បែកគ្រប់ប្រភេទ។
៣. ទឹកដំឡូងបារាំងស្រស់
ចិតសំបកដំឡូងបារាំង រួចហាន់វាជាបន្ទះស្ដើងល្មម។ ដុសបន្ទះដំឡូងបារាំងត្រង់តំបន់ស្បែកដែលអ្នកចង់ឱ្យសថ្លាជាងមុន។ បន្ទាប់មកទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អ្នកក៏អាចកោសដំឡូងបារាំង រួចពូតច្របាច់យកទឹកមកលាបក៏បាន។
៤. រមៀត
លាយម្ស៉ៅរមៀតកន្លះស្លាបព្រាបាយជាមួយជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វរហូតក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើតំបន់ស្បែកដែលអ្នកចង់ឱ្យសថ្លាជាងមុន និងទុកចោលសម្រាប់រយៈពេល ៣០ នាទីសឹមលាងសម្អាតចេញ។ អនុត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៥. យ៉ាអួរនិងទឹកឃ្មុំ
លាយយ៉ាអួរសុទ្ធនិងទឹកឃ្មុំឱ្យក្លាយជាល្បាយខាប់ៗនិងទុកចោលសម្រាប់រយៈពេល ៥នាទីសិន សឹមលាបលើស្បែក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទីមុននឹងលាងចេញជាមួយទឹកក្ដៅឧណ្ហៗ៕