ការឈឺប្រអប់ដៃឈៀបៗអាចជាអាការៈដ៏សំខានមួយទៅដល់ការសម្រាក ឬសកម្មភាពប្រចាំថ្ងៃដែលត្រូវការប្រើម្រាមដៃ។ ករណីខ្លះ វាអាចជាករណីតិចតួច និងកើតឡើងបណ្តោះអាសន្ន ខណៈពេលខ្លះទៀតអាចដោយសារតែជំងឺណាមួយ ដែលរឿងនេះច្រើនតែទាក់ទងនឹងការខូចខាតសរសៃប្រសាទនិងអតុល្យភាពអ័រម៉ូន ដែលត្រូវតាមដាន។
បើសិណជាអ្នកធ្លាប់ឈឺប្រអបៀដៃឈៀបៗគ្រប់ពេល យកល្អគួរតែទៅឲ្យពេទ្យពិនិត្យ ជាពិសេសបើសិនជាវាកើតឡើងជាមួយអាការៈមិនធម្មតាផ្សេងៗទៀត។ ជាក់ស្តែងមូលហេតុញឹកញាប់នៃការឈឺប្រអប់ដៃឈៀបៗអាចមានដូចជា៖
ជំងឺទឹកនោមផ្អែម
ផលវិបាកមួយនៃជំងឺទឹកនោមផ្អែមគឺជំងឺសរសៃប្រសាទចុងដៃចុងជើង ដែលវាត្រូវបានសម្គាល់ដឹងតាមរយៈការខូចខាតសរសៃប្រសាទនៅខាងក្រៅឆ្អឹងកងខ្នង។ វាអាចធ្វើឲ្យឈឺប្រអប់ដៃឈៀបៗបានដែរ។ អាការៈបែបនេះមាន ៣០ភាគរយនៃករណីទាំងអស់គឺបណ្តាលមកពីជំងឺទឹកនោមផ្អែម។
ចង្កោមរោគសញ្ញាគៀបសរសៃប្រសាទនៅប្រអប់ដៃ
ជំងឺណេះគឺជាការគៀបសរសៃប្រសាទមួយដែលរត់នៅកដៃខាងក្នុង។ នៅពេលសរសៃប្រសាទនេះត្រូវបានគៀប វាទំនងជាធ្វើឲ្យប្រអប់ដៃទៅជាមានអារម្មណ៍ស្ពឹកៗ ឬក្រហាយៗដែរ។ អ្នកជំងឺបែបនេះច្រើនតែជាអ្នកប្រើប្រាស់ប្រអប់ដៃច្រើន។
ជំងឺតម្រងនោម
និយាយដល់ការចាលជាតិទឹក ការដែលមានជំងឺតម្រងនោមអាចធ្វើឲ្យរាងកាយចាលជាតិទឹកច្រើនដោយសារតែតម្រងនោមមិនអាចច្រោះឈាម និងទឹកបានយ៉ាងមានប្រសិទ្ធភាព។ ហើយនេះគឺជាមូលហេតុពិតប្រាកដមួយដែលការមានបញ្ហានេះអាចធ្វើឲ្យប្រអប់ដៃទៅជាមានអារម្មណ៍ស្ពឹកៗបាន។
កង្វះជីវជាតិ
សរសៃប្រសាទអ្នកត្រូវការចំនួនវីតាមីន B ដើម្បីអាចរក្សារូបរាង និងមុខងារបានយ៉ាងល្អបំផុត។ នេះហើយគឺជាមូលហេតុដែលអ្នកមានអារម្មណ៍ឈឺឈៀបៗបើសិនជាអ្នកកំពុងតែកង្វះវីតាមីនទាំងនេះ។ ការកង្វះវីតាមីន B ជាពិសេស B12 ឬ Cobalamin អាចធ្វើឲ្យមានជំងឺកង្វះគ្រាប់ឈាមប្រភេទ Pernicious ដែលធ្វើឲ្យកើតជំងឺសរសៃប្រសាទចុងដៃចុងជើងបាន។
អតុល្យភាពអ័រម៉ូន
ស្រ្តីដែលកំពុងតែចូលទៅក្នុងដំណាក់កាលនៃការរ៉ាំងរដូវ ឬរអ៊ូរទាំទៅលើការឈឺប្រអប់ដៃឈៀបៗរួចហើយនោះ គឺជារឿងដែលពួកគេមិនពេញចិត្តឡើយ។ មែនហើយ រឿងនេះដោយសារតែអតុល្យភាពអ័រម៉ូន។ ប៉ុន្តែក្រៅពីការត្រៀមរ៉ាំងរដូវ និងរ៉ាំងរដូវ វាមានរឿងច្រើនផ្សេងៗទៀតដែលធ្វើឲ្យអតុល្យភាពអ័រម៉ូនដែឬដូចជា ក្រពេញទីរ៉ូអ៊ីតធ្វើការច្រើនពេក ឬតិចពេក ជាដើម។
ញ៉ាំគ្រឿងស្រវឹងច្រើនពេក
តើអ្នកមានដឹងទេថា ការញ៉ាំគ្រឿងស្រវឹងច្រើនពេកក៏អាចធ្វើឲ្យឈឺប្រអប់ដៃឈៀបៗដែរទេ? អ្នកជំនាញនិយាយថា វាកើតឡើងដោយសារតែគ្រឿងស្រវឹងអាចធ្វើឲ្យកង្វះជីវជាតិក្នុងខ្លួន ជាពិសេសវីតាមីន B តែម្តង ដែលជាហេតុនាំឲ្យស្ពឹកនៅប្រអប់ដៃ។ ការញ៉ាំគ្រឿងស្រវឹងច្រើនពេកអាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទដោយផ្ទាល់ផងដែរ៕