ល្មុត គឺជាផ្លែឈើហូបផ្លែមួយប្រភេទដែលមានរសជាតិផ្អែមឈ្ងុយនៅពេលទុំនិងសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ឬចូលចិត្តទទួលទានផ្លែឈើនេះយ៉ាងណាក៏ដោយ ក៏ប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា វាអាចផ្ដល់អត្ថប្រយោជន៍ល្អៗគួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាពបាន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានដ៏ប្រសើរនៃការទទួលទានផ្លែល្មុត ៖
១. ពង្រឹងសុខភាពបេះដូង
ល្មុតមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងប៉ូតាស្យូមដែលជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ ហើយកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយ ព្រមទាំងរក្សាកម្រិតសម្ពាធឈាមប្រក្រតីដែលប្រសើរសម្រាប់សុខភាពបេះដូងរឹងមាំចៀសផុតហានិភ័យនៃបញ្ហាផ្សេងៗ។
២. ទប់ស្កាត់ជំងឺពុកឆ្អឹង
នោះក៏ព្រោះតែល្មុតជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូមដែលល្អសម្រាប់សុខភាពឆ្អឹង ជួយបង្កើនដង់ស៊ីតេឆ្អឹង និងទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹង។
៣. ទប់ស្កាត់មហារីកពោះវៀនធំ
ល្មុតមានផ្ទុកសម្បូរទៅដោយជាតិសសៃ Dietary Fiber ដែលចាំបាច់សម្រាប់រក្សាសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរនិងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ជាតិសសៃក៏ជួយដោះស្រាយបញ្ហាពិបាករំលាយអាហារទប់ស្កាត់អាការៈទល់លាមកផងដែរ។ ការទទួលទានផ្លែល្មុតជាប្រចាំក៏ជួយសម្រាលទប់ស្កាត់អាការៈពាក់ព័ន្ធនឹងក្រពះដូចជា ការក្អួត និងហើមពោះគួរឱ្យកត់សម្គាល់។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
នោះក៏ព្រោះតែផ្លែល្មុតក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យកាន់តែរឹងមាំគួរឱ្យកត់សម្គាល់។ វីតាមីន C ជួយប្រព័ន្ធភាពស៊ាំក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺសាហាវៗបានជាច្រើន។
៥. ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែចាំបាច់
ល្មុតទុំស្រស់ គឺជាប្រភពដ៏ប្រសើរនៃជាតិរ៉ែចាំបាច់រួមមាន ជាតិទង់ដែង ប៉ូតាស្យូម និងជាតិដែក។ វាក៏មានផ្ទុកនូវវីតាមីន niacin រួមទាំងអាស៊ីតល្អ folate និង pantothenic ផងដែរ។ សមាសធាតុទាំងនេះ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយរឹងមាំ និងជួយសម្រួលដល់ដំណើរនៃការរំលាយអាហារ។
៦. ផ្ដល់ថាមពលបន្ថែម
ល្មុត មានផ្ទុកនូវជាតិស្ករធម្មជាតិដូចជា sucrose និង fructose ដែលជួយស្ដារ ក៏ដូចជាបង្កើនថាមពលក្នុងរាងកាយឡើងវិញភ្លាមៗតាមបែបធម្មជាតិ។
៧. សុខភាពភ្នែក
បរិមាណនៃវីតាមីន A ក្នុងផ្លែល្មុតនឹងជួយការពារភ្នែករបស់អ្នកពីបញ្ហាផ្សេងៗបានយ៉ាងប្រសើរ។ ក៏ព្រោះតែវីតាមីន A ជាសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់សុខភាពភ្នែក ដូច្នេះការរួមបញ្ចូលល្មុតក្នុងរបបអាហារប្រចាំថ្ងៃ គឺជាអ្វីដែលអ្នកគួរធ្វើដើម្បីជៀសផុតពីហានិភ័យនៃជំងឺភ្នែកផ្សេងៗ៕