ឧស្សាហ៍មានអារម្មណ៍ចង្អោរចង់ក្អួតភ្លាមៗក្រោយពេលក្រោកពីដំណេកមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំរំលងអត្ថបទនេះ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតនៃបញ្ហាចង្អោរចង់ក្អួតរាល់ព្រឹក ៖
១. ចាញ់កូន
មួយក្នុងចំណោមមូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យមានអារម្មណ៍ចង្អោរចង់ក្អួតនៅពេលព្រឹក គឺអាការៈចាញ់កូន។ អ្នកជំនាញជាច្រើននិយាយថាប្រមាណ ៧០ ភាគរយនៃស្ត្រីមានផ្ទៃពោះតែងជួបប្រទះអាការៈចាញ់កូនពិសេសកំឡុងពេលត្រីមាសដំបូង។ អាការៈចាញ់កូន គឺគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយចំពោះទាំងម្ដាយនិងកូន ប៉ុន្តែប្រសិនបើក្អួតខ្លាំង ឬអមមកជាមួយនូវរោគសញ្ញាខុសប្រក្រតីផ្សេងទៀត ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។
២. ច្រាលទឹកអាស៊ីតក្រពះ
តើអ្នកបានទទួលទានអាហារខ្លាញ់ៗ ឬហឹរមុនពេលចូលគេងមែនទេ? នោះមិនចម្លែកឡើយប្រសិនបើមានអារម្មណ៍ចង្អោរចង់ក្អួតនៅពេលព្រឹកភ្ញាក់ពីគេងនោះ។ ភាគច្រើននៃអាការៈនេះបណ្ដាលមកពីបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ជាញឹកញយបញ្ហាច្រាលទឹកអាស៊ីតក្រពះច្រើនអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាឈឺពោះ ក្រហាយទ្រូង កើនទឹកមាត់ និងមានអារម្មណ៍ដូចដែកលោហៈក្នុងមាត់។
៣. ជាតិស្ករក្នុងឈាមចុះទាប
ក្រៅពីច្រាលទឹកអាស៊ីតក្រពះ អាការៈចង្អោរចង់ក្អួតនៅពេលព្រឹកក៏អាចបណ្ដាលមកពីបញ្ហាជាតិស្ករក្នុងឈាមចុះទាបពេកផងដែរ។ ភាគច្រើនអាការៈចង្អោរចង់ក្អួតដោយសារជាតិស្ករក្នុងឈាមចុះទាប គឺអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាញ័រ ថប់បារម្ភ ភាំងៗ វិលមុខ បេះដូងលោតញាប់ បែកញើស និងឃ្លាន។
៤. គេងមិនគ្រប់
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការគេងបានស្កប់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ចាំបាច់ខ្លាំងប៉ុណ្ណា។ ការគេងមិនគ្រប់ជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពដដោយបង្កជាបញ្ហាផ្សេងៗរួមទាំងអាការៈចង្អោរចង់ក្អួត។ ទោះជាយ៉ាងណាបញ្ហាចង្អោរចង់ក្អួតដែលបណ្ដាលមកពីការគេងមិនគ្រប់តែងអមមកជាមួយនូវអាការៈអស់កម្លាំងនិងងងុយគេងខ្លាំង។
៥. ឥទ្ធិពលនៃគ្រឿងស្រវឹង
អាការៈធីងធោងចង្អោរចង់ក្អួតនៅពេលព្រឹកងាយនឹងកើតឡើងណាស់ក្រោយពេលអ្នកទទួលទានគ្រឿងស្រវឹងច្រើនពីយប់។ ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចបណ្ដាលឱ្យរលាកស្រទាប់ក្រពះផ្នែកខាងក្នុង ហើយបង្កើនការផលិតជាតិអាស៊ីត hydrochloric ដែលបណ្ដាលឱ្យចង្អោរចង់ក្អួត៕