ការគ្រោះថ្នាក់ដោយការបាក់ឆ្អឹងទាមទារឲ្យមានការយកចិត្តទុកដាក់ខាងផ្នែកវេជ្ជសាស្រ្តភ្លាមៗ។ ក្រៅពីការបាក់ឆ្អឹងដែលឃើញនឹងភ្នែកនោះ រោគសញ្ញាផ្សេងៗទៀតប្រហែលជាកើតមានជាមួយគ្នាដែរអាស្រ័យទៅតាមភាពធ្ងន់ធ្ងរ និងយន្តការណ៍ដែលឲ្យមានគ្រោះថ្នាក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចធ្វើបានដើម្បីជួយជនរងគ្រោះអោយមានផាសុខភាព និងបង្ការកុំឲ្យមានរបួសបន្ថែមមុនពេលរថយន្តសង្គ្រោះមកដល់។
ទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ក្នុងករណីរបួសធ្ងន់ធ្ងរ
ករណីបាក់ឆ្អឹងធ្ងន់ធ្ងរមួយចំនួនពិតជាទាមទារឲ្យមានការជួយពីអ្នកជំនាញ និងភ្លាមៗខ្លាំងណាស់។ ដើម្បីដឹងថាមានរបួសគ្រោះថ្នាក់ធ្ងន់ធ្ងរគួរតែមានរឿងមួយ ឬច្រើនដូចខាងក្រោមនេះ៖
- ជនរងគ្រោះមិនដឹងខ្លួន មិនដកដង្ហើម ឬបេះដូងលែងលោត។ អ្នកប្រហែលជាត្រូវសង្កត់ដើមទ្រូង
- ជនរងគ្រោះស្លេកស្លាំង បែកញើស (បែកញើសត្រជាក់) ដកដង្ហើមដង្ហក់។ ទាំងនេះជារោគសញ្ញានៃភាពស្យុក។
- ជនរងគ្រោះហូរឈាមខ្លាំង
- មានរបួសនៅក្បាល ក ខ្នង សន្លាក់ត្រគៀក អាងត្រគៀក ឬជើងផ្នែកខាងលើ
- របួសនៅអវៈយវៈ ឬសន្លាក់ដែលមើលទៅខុសទ្រង់ទ្រាយធម្មតា
- ធ្វើចលនាបានតិចតួច ឬឈឺពេលប៉ះតែបន្តិច។
- ឆ្អឹងឃើញលានចេញមកខាងក្រៅ
- ដៃ ឬជើងដែលបាក់នោះទៅជាស្ពឹក ឬចេញជាពណ៌ស្វាយនៅចុងៗ។
បញ្ឈប់ការហូរឈាម
ចូរប្រើក្រណាត់ឬរបស់អ្វីមួយដែលស្អាត និងអាចស្រូបជាតិទឹកបានល្អទៅខ្ទប់កន្លែងមានរបួស និងសង្កត់ថ្នម។ បើសិនជាមានរបស់អ្វីមួយចាក់ចូលក្នុងស្បែក មិនត្រូវដកវាចេញឡើយ ព្រោះវានឹងធ្វើអោយហូរឈាមខ្លាំងបើសិនជាដកចេញ។
កន្លែងមានរបួសមិនត្រូវឲ្យធ្វើចលនាឡើយ
មិនត្រូវឲ្យជនរងគ្រោះធ្វើចលនាអវៈយៈណាដែលបាក់ឡើយ។ ចូរជួយធ្វើឲ្យគេមានផាសុខភាពនៅកន្លែងដែលគេរងរបួសនោះវិញ។ មិនត្រូវព្យាយាមធ្វើចលនាឆ្អឹងឲ្យចូលកន្លែងដើមវាវិញឡើយ។ មិនត្រូវលើក ឬធ្វើចលនាជនរងគ្រោះដែលបាក់ឆ្អឹងក្នុងអាងត្រគៀក ឬសន្លាក់ត្រគៀកឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បើពួកគេត្រូវធ្វើចលនានោះ ចូររុំជើងគេចូលគ្នាដោយដាក់កន្សែង ឬក្រណាតនៅចន្លោះជើងទាំងពីរ ហើយលើកដាក់ថ្នមៗ។
ប្រើទឹកកកស្អំកន្លែងដែលឈឺនិងបន្ថយការហើម
ចូរស្វែងរកដុំទឹកកកមួយចំនួនដាក់ក្នុងកន្សែងដើម្បីស្អំថ្នមៗនៅលើកន្លែងដែលមានឆ្អឹងបាក់ទៅ។ ការធ្វើបែបនេះនឹងជំនួយដល់ការហូរឈាម, បន្ថយការហើម និងឈឺចាប់។
មើលសញ្ញានិងព្យាបាលភាពស្យុក
ស្យុកគឺជារឿងមួយគ្រោះថ្នាក់ណាស់ ព្រោះវានាំឲ្យបាត់បង់ឈាម និងអុកស៊ីសែនដែលត្រូវទៅចិញ្ចឹមសរីរាង្គសំខាន់ៗក្នុងរាងកាយបាន។ បើសិនជាមិនបានព្យាបាលអាការៈនេះទេ សរីរាង្គសំខាន់ៗនឹងខូច។ រោគសញ្ញានៃភាពស្យុកមានដូចជា៖
- ត្រជាក់ស្បែក
- ចង្វាក់ជីពចរខ្សោយ តែញ៉ាប់
- ចង្អោ
- ភ្នែកមិនអាចមើលអ្វីបាន
- សន្លប់ ឬម្តងសន្លប់ ម្តងដឹងខ្លួន
ការព្យាបាលស្យុក៖
- ឲ្យជនរងគ្រោះដេក ហើយលើកជើងខ្ពស់ជាងក្បាល
- រុំកន្សែង ឬភួយនៅជុំវិញខ្លួនដើម្បីឲ្យជនរងគ្រោះកក់ក្តៅ
- ជនរងគ្រោះដេកផ្អៀងបើសិនជាគេចាប់ផ្តើមក្អួត ឬចង្អោ
អបឆ្អឹង
ការអបឆ្អឹងនឹងជួយការពារឆ្អឹងដែលបាក់មានចលនាបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការអបឆ្អឹងប្រហែលជាមិនសំខាន់ទេបើសិនជាមានការសង្គ្រោះបន្ទាន់ភ្លាមៗហើយនោះ ព្រោះមានករណីខ្លះការអបឆ្អឹងអាចនឹងបង្កគ្រោះថ្នាក់ច្រើនជាងការជួយ៕