ការស្ងាបអាចចាត់ទុកជាសកម្មភាពធម្មតាមួយរបស់រាងកាយ ប៉ុន្តែប្រសិនបើអ្នកស្ងាបមិនឈប់សោះ ច្រើនដងពេកនោះវាអាចបណ្ដាលមកពីបញ្ហាសុខភាពហើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើការស្ងាបសឹងគ្រប់ពេលបណ្ដាលមកពីមូលហេតុអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុទូទៅបំផុតនៃការស្ងាបញឹក ៖

១. ឥទ្ធិពលនៃការប្រើប្រាស់ថ្នាំមួយចំនួន

ថ្នាំមួយចំនួនមានឥទ្ធិពលធ្វើឱ្យងងុយគេងក្រោយពេលលេបដែលនេះក៏ជាមូលហេតុនៃបញ្ហាស្ងាបញឹក ឬច្រើនហួសផងដែរ។

២. បញ្ហាពាក់ព័ន្ធនឹងការគេង

ជាពិសេសប្រសិនបើអ្នកការស្ងាបរបស់អ្នកអមមកជាមួយនឹងស្នាមខ្មៅដក់ក្រោមរង្វង់ភ្នែក ហើយងងុយគេងខ្លាំង។ ការស្ងាបមិនឈប់ ស្នាមខ្មៅក្រោមភ្នែក និងអារម្មណ៍ងងុយគេង គឺអាចបណ្ដាលមកពីការដែលអ្នកគេងមិនបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៩ ម៉ោងនៅពេលយប់។

៣. ជាតិស្ករទាបក្នុងឈាម

ការស្ងាបច្រើនហួសអាចជារោគសញ្ញាបឋមនៃបញ្ហាខ្វះជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែម។ បញ្ហាខ្វះជាតិស្ករក្នុងឈាមកើតឡើងនៅពេលកម្រិតនៃគ្លុយកូសក្នុងឈាមធ្លាក់ចុះក្រោម 72mg/dL។

៤. បញ្ហាថប់បារម្ភ

តើអ្នកធ្លាប់ដឹងទេថាក្រៅពីចង្វាក់បេះដូងលោតញាប់ តឹងថប់ទ្រូង ភាពខ្លីនៃដង្ហើម មានអារម្មណ៍រកកល់នឹងសន្លប់ ខ្សោយកម្លាំង និងបែកញើសច្រើនហើយនោះការស្ងាបសឹងគ្រប់ពេលក៏ជាអាការៈនៃបញ្ហាថប់បារម្ភដែរ? ដូច្នេះដើម្បីបញ្ឈប់ការស្ងាបច្រើន ចូរព្យាយាមគ្រប់គ្រងការថប់បារម្ភរបស់អ្នក។

៥. ជំងឺធ្លាក់ទឹកចិត្ត (Depression)

ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តមួយដែលអាចបណ្ដាលអោយមនុស្សម្នាក់ស្ងាបសឹងគ្រប់ពេល។ វាជាអ្វីមួយដែលអាចបណ្ដាលអោយផ្លូវចិត្តនិងរាងកាយហត់នឿយអស់កម្លាំងបង្កអាការៈស្ងាបច្រើនដង។

៦. បញ្ហាពាក់ព័ន្ធនឹងខួរក្បាល

ការរលាក និងបញ្ហាដុះសាច់ក្នុងខួរក្បាល ឬមហារីកខួរក្បាលក៏អាចបណ្ដាលឱ្យមានអាការៈស្ងាបញឹកខុសប្រក្រតី ឬច្រើនហួសផងដែរ។ ការស្ងាបញឹកក៏អាចជាលទ្ធផលនៃការរួមតូចនៃក្រពេញ pituitary គួរឱ្យកត់សម្គាល់។ ដូច្នេះប្រសិនបើអ្នកស្ងាបច្រើនមិនឈប់សោះ ហើយអមមកជាមួយនូវអាការៈមិនប្រក្រតីមួយចំនួនទៀតដូចជាឧស្សាហ៍ឈឺក្បាល ឬចង្អោរក្អួតជាដើម ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។

៧. បញ្ហាបេះដូង

វេជ្ជបណ្ឌិតជាច្រើននិយាយថាវាក៏អាចទៅរួចដែរ ដែលបញ្ហាបេះដូងជាមូលហេតុនៃការស្ងាបមិនឈប់របស់មនុស្សណាម្នាក់។ នោះក៏ព្រោះតែបញ្ហាបេះដូងអាចរាំងស្ទះសរីរាង្គផ្សេងៗក្នុងរាងកាយពីការទទួលបានអុកស៊ីតសែនគ្រប់គ្រាន់។ ភាគច្រើននៃការស្ងាបមិនឈប់កើតមានចំពោះអ្នកដែលកំពុងប្រឈមមុខជាមួយបញ្ហាគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាល។

៨. បញ្ហាថ្លើម

ការស្ងាបសឹងគ្រប់ពេលក៏ច្រើនឃើញមានលើអ្នកដែលមានបញ្ហាខ្សោយថ្លើម ជាពិសេសអ្នកដែលស្ថិតក្នុងដំណាក់កាលចុងក្រោយ។ អ្នកជំនាញផ្នែកសុខភាពជាច្រើនជឿថាវាអាចកើតឡើងដោយសារតែភាពអស់កម្លាំងខ្សោយខ្លាំងនៃអ្នកជំងឺ។ ក្រៅពីការស្ងាបច្រើន រោគសញ្ញាមួយចំនួនផ្សេងទៀតនៃបញ្ហាខ្សោយថ្លើមរួមបញ្ចូលទាំងការងងុយគេងខ្លាំងកំឡុងពេលថ្ងៃ ស្បែកនិងភ្នែកឡើងលឿង បាត់បង់ចំណង់អាហារ ចង្អោរចង់ក្អួត ភ័ន្តភាំង និងរបកស្បែកដៃ ឬជើង៕