បុរសជនជាតិរុស្ស៊ីម្នាក់បានលែងលះភរិយារៀបការ ១៤ ឆ្នាំរបស់គាត់ បន្ទាប់ពីនាងបានរិះគន់ទម្រង់លេងរបស់លីអូនែល ម៉េសស៊ី អំឡុងវើលខាប់។
លោក អាសេន អាយុ ៤០ ឆ្នាំ និងលោកស្រី លីដមីឡា អាយុ ៣៧ ឆ្នាំបានចាប់ផ្តើមស្រឡាញ់គ្នាដោយសារចូលចិត្តបាល់ដូចគ្នា នៅពេលពួកគេបានជួបគ្នានៅរង្គសាលកីឡាមួយក្នុងទីក្រុងឆែលយ៉ាប៊ីន ប្រទេសរុស្ស៊ីអំឡុងវើលខាប់ ២០០២។
ពួកគេបានរៀបអាពាហ៍ពិពាហ៍នៅ២ឆ្នាំក្រោយ ទោះបីជាប្តីប្រពន្ធនេះជាអ្នកគាំទ្រក្លិបគូប្រជែងក្នុងទីក្រុងមូស្គូ ហើយគាត់ជាអ្នកគាំទ្រក្លិប Barcelona ខណៈដែលនាងជាអ្នកគាំទ្រក្រុម Real Madrid ។
ដោយសារតែក្តីស្រឡាញ់របស់អាសេនចំពោះម៉េសស៊ី និង ក្តីស្រឡាញ់របស់ប្រពន្ធគាត់ចំពោះរ៉ូណាល់ដូ ទើបធ្វើឱ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេបានឈានដល់ទីបញ្ចប់កាលពីសប្តាហ៍មុន។ នេះបើតាមសេចក្តីរាយការណ៍របស់វេបសាយ afi.ru។
គាត់និយាយថា គាត់និងប្រពន្ធតែងតែនិយាយចម្អកដាក់គ្នាទៅវិញទៅមកអំពីម៉េសស៊ី និង រ៉ូណាល់ដូ ប៉ុន្តែវើលខាប់លើកនេះជាការចម្អកលើកចុងក្រោយរបស់ពួកគេ។
លោកអាសេននិយាយថា ការបង្ហាញខ្លួនដ៏ខកចិត្តរបស់អាហ្សង់ទីនអំឡុងវើលខាប់ឆ្នាំនេះ បាននាំឱ្យប្រពន្ធគាត់ចម្អកឱ្យម៉េសស៊ីខ្លាំងៗពេក ធ្វើឱ្យគាត់ស្ពឹកមុខទ្រាំលែងបានតទៅទៀត។
គាត់និយាយថា គាត់តែងធ្វើមិនដឹងមិនឮសម្តីរបស់នាង ប៉ុន្តែនៅពេលគាត់កំពុងអបអរគ្រាប់បាល់របស់ម៉េសស៊ីស៊ុតចូលនីហ្សេរីយ៉ា នាងនៅតែនិយាយចម្អកថាម៉េសស៊ីលេងអន់ទៀត ដូច្នេះលែងគ្នាតែម្តងទៅល្អជាង៕
ប្រភព៖ rasmeinews.com